ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាទ្វីបអាស៊ីឆ្នាំ២០១៨ បានដាក់គោលដៅដើម្បីដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡាជឺជិតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាការិនីដែលរស់នៅសហរដ្ឋអាមេរិក បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១ខែឧសភា ដោយមានការទទួលយ៉ាងកក់ក្ដៅពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ ។
កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក បាននិយាយថា ការគាំទ្ររបស់បងប្អូនខ្មែរបានជំរុញលើកទឹកចិត្តឱ្យនាងត្រឡប់មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកីឡាស៊ីហ្គេម។ ការប្រកួតកីឡាជឺជិតស៊ូ នឹងចាប់ផ្ដើមពីថ្ងៃទី៤ ដល់ ៧ ខែឧសភា ឆ្នាំ២០២៣ នៅសាល B មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។
ខាន់ ចេសា បាននិយាយថា៖ “ទោះបីជាខ្ញុំរស់នៅទីណាក៏ដោយ ខ្ញុំជាខ្មែរ ខ្ញុំមកទីនេះដើម្បីតំណាងឱ្យកម្ពុជា ខ្ញុំមានសេចក្ដីរំភើបខ្លាំងណាស់ដើម្បីដណ្ដើមមេដាយមាសជូនប្រទេសរបស់ខ្ញុំសាជាថ្មី”។
សូមជម្រាបថា ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន នឹងប្រកួតលើ ២ វិញ្ញាសា ពោលគឺ វិញ្ញាសា Gi ទម្ងន់ ៥២គីឡូក្រាម និង វិញ្ញាសា No-Gi ទម្ងន់ ៥២គីឡូក្រាម៕