×

គ្រូបច្ចេកទេសអន្តរជាតិកីឡាទ្រីយ៉ាត្លុងថា ការធ្វើដំណើរមកចូលរួមស៊ីហ្គេមនៅកម្ពុជាមានភាពងាយស្រួល និងកក់ក្តៅ

កែប៖ គ្រូបង្គោលបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសការប្រកួតកីឡាទ្រីយ៉ាងត្លុងអន្តរជាតិ បានប្រាប់ឲ្យដឹងថា ការធ្វើដំណើររបស់លោកមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា មានភាពងាយស្រួល និងកក់ក្តៅ តាំងពីនៅព្រលានយន្តហោះ រហូតធ្វើដំណើរមកដល់ទឹកដីខេត្តកែប។

គ្រូបង្គោលបច្ចេកទេសការប្រកួតកីឡាទ្រីយ៉ាងត្លុងអន្តរជាតិ មកពីប្រទេសសិង្ហបុរី លោក Peter Chua បានប្រាប់ឲ្យដឹងថា ការធ្វើដំណើរមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ នៅប្រទេសកម្ពុជា ធ្វើឲ្យលោកមានអារម្មណ៍ថាសប្បាយរីករាយ ជាមួយការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា និងមន្ត្រីពិធីការតាំងពីព្រលានយន្តហោះ រហូតមកដល់ខេត្តកែប ពិសេសការផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុក និងការការពារសុវត្ថិភាពតាមដងផ្លូវ ការធ្វើដំណើរទៅមកនៅក្នុងខេត្ត។

លោកគ្រូបង្គោលជនជាតិសិង្ហបុរីរូបនោះ បានបញ្ជាក់ដែរថា សម្រាប់វគ្គបណ្តុះបណ្តាលថ្ងៃនេះវិញ លោកសង្កេតឃើញសិក្ខាកាម មានការចូលរួមបានផុសផុល និងខិតខំស្រូបយកចំណេះដឹង ដែលលោកបានចែករំលែកទាក់ទង់នឹងបច្ចេកទេសរៀបចំការប្រកួតកីឡាទ្រីយ៉ាងត្លុង។ ហើយលោកសង្ឃឹមថាក្រោយបញ្ចប់វគ្គនេះ ក្រុមបច្ចេកទេសទាំងអស់ នឹងអាចយកទៅអនុវត្តភារកិច្ចរបស់ខ្លួនបានល្អ នៅក្នុងការប្រកួតកីឡាទ្រីយ៉ាថ្លុង នៅលើទឹកដីខេត្តកែបនេះ។

ប្រតិភូ(TD) និងគណៈកម្មការបច្ចេកទេសអន្តរជាតិ (ITOs) កីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសបន្ថែម មានចំនួនសរុប ២២រូប មកពីសិង្ហបុរី ម៉ាឡេ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ថៃ កម្ពុជា និងញូហ្សេឡែន។

គួរបញ្ជាក់ដែរថា ការប្រកួតកីឡាទ្រីយ៉ាងត្លុង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងក្នុងខេត្តកែប ដែលដំណើរការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣នេះ៕

អត្ថបទ៖ ង៉ុង សាន់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង