គិតចាប់ពីថ្ងៃប្រកួតទី២៩ មេសាឆ្នាំ២០២៣មក នេះជាថ្ងៃទី៥ហើយ ដែលកីឡាមួយចំនួនបានធ្វើការប្រកួតប្រជែងក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា។
ក្នុងចំណោមកីឡាជាច្រើនដែលកំពុងប្រកួតមុនពិធីបើកផ្លូវការមកដល់នោះរួមមាន៖ បាល់ទាត់ បាល់ទះ អុកចត្រង្គ គ្រីឃីត ហុកគី ទូកក្តោង និង កីឡាឧបសគ្គ បាននិងកំពុងប្រកួតយ៉ាងសកម្ម ក្រោមការចូលរួមទស្សនាពីប្រជាពលរដ្ឋតាមតំបន់នៃទីតាំងប្រកួតយ៉ាងច្រើនកុះករ។
បើនិយាយពីការប្រកួតកីឡា ហុកគីក្នុងសាល បាននិងកំពុងប្រព្រឹត្តទៅនៅសាលប្រកួតក្នុងរាជធានីភ្នំពេញ ពោលគឺកីឡាមួយប្រភេទនេះបានធ្វើការប្រកួតចាប់ពីថ្ងៃទី១ឧសភាមក និងទទួលបានលទ្ធផលជាបណ្តើរៗប៉ុន្តែមិនទាន់ឈានទៅដល់ការដណ្តើមមេដាយនៅឡើយ។
ដោយលទ្ធផលបណ្តោះអាសន្នសម្រាប់ថ្ងៃទី២ផ្នែកនារីវិញ្ញាសាជាក្រុម ម៉ាឡេស៊ី ឈ្នះហ្វីលីពីន ក្នុងលទ្ធផល១២ ទល់០ , ឥណ្ឌូណេស៊ី ឈ្នះសិង្ហបុរី ៤ទល់០ និង ថៃ ឈ្នះកម្ពុជា ៩ទល់០ ។ សម្រាប់ផ្នែកបុរស ម៉ាឡេស៊ី ឈ្នះហ្វីលីពីន ១៩ទល់ ០ , ឥណ្ឌូណេស៊ី ឈ្នះថៃ ៣ទល់ ០ និង សិង្ហបុរី ឈ្នះកម្ពុជា ៤ទល់ ១។
សម្រាប់ការប្រកួតនាថ្ងៃទី៣ឧសភាឆ្នាំ២០២៣នេះ ក៏មានកីឡាចំនួន៧ប្រភេទ បានធ្វើការប្រកួតប្រជែងផងដែរ ដោយក្នុងនោះ កីឡាទូកក្តោង ធ្វើការប្រកួតនៅខេត្តព្រះសីហនុ ស្របពេលដែល៦ប្រភេទកីឡាផ្សេងទៀត ធ្វើការប្រកួតនៅរាជធានីភ្នំពេញ។
រីឯកីឡាហុកគីក្នុងសាល នាថ្ងៃទី៣ ឧសភានេះ មានចំនួន៦ប្រកួតរួមមាន៖ ផ្នែកបុរស ឥណ្ឌូណេស៊ី ប្រកួតជាមួយ ហ្វីលីពីន ,សិង្ហបុរី ជួប ម៉ាឡេស៊ី និង កម្ពុជា ជួបប្រកួតជាមួយប្រទេសថៃ ។ សម្រាប់ផ្នែកនារី ហ្វីលីពីន ជួប ឥណ្ឌណេស៊ី , ម៉ាឡេស៊ី ជួបថៃ និង កម្ពុជា ជួប សិង្ហបុរី ។ ខណៈពេលវេលានៃការប្រកួត គឺចាប់ពីម៉ោង១១ថ្ងៃត្រង់ ដល់ ម៉ោង៦ល្ងាច ផងដែរ។
បញ្ជាក់ផងដែរថា ប្រភេទកីឡាហុកគី គឺមានពីរប្រភេទ ហុកគីក្នុងសាល និង ហុកគីវាលរាបខាងក្រៅ សម្រាប់ហុកគីក្នុងសាលប្រកួតពីថ្ងៃទី១ ដល់ទី ៨ឧសភា ខណៈ ហុកគីវាលរាបខាងក្រៅ ប្រកួតចាប់ពីថ្ងៃទី៩ ដល់ ១៦ ឧសភាឆ្នាំ២០២៣នេះ៕