ក្រុមសម្ដែងគូបុរសកម្ពុជា រួមមាន កីឡាករ តូច ពិក្កដា និងកីឡាករ គង់ ម៉ូណាមិថុរ៉ា បានឈ្នះមេដាយមាស១គ្រឿង បន្ទាប់ពីផ្ដួលទៅលើក្រុមសម្ដែងគូបុរសថៃ នៅវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាគូបុរស កីឡាជឺជិតស៊ូ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភានេះ។
ដោយឡែក កីឡាការិនីកម្ពុជា ខាន់ ចេសា បានទទួលបានមេដាយប្រាក់១គ្រឿង បន្ទាប់ពីប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹងកីឡាការិនីហ្វីលីពីន CHOA Margarita ។
ងាកមកវិញ្ញាសាសម្ដែងគូនារីវិញ ក្រុមសម្ដែងគូនារីកម្ពុជា ទទួលបានមេដាយប្រាក់ ១គ្រឿង បន្ទាប់ពីប្រកួតជាមួយនឹងក្រុមសម្ដែងគូនារីថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សូមជម្រាបថា មេដាយមាស ១គ្រឿងនិងមេដាយប្រាក់២គ្រឿងរបស់កម្ពុជានៅពេលនេះ គឺជាមេដាយលើកដំបូងបង្អស់របស់កម្ពុជា ដែលបានឈ្នះនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕