ភ្នំពេញ៖ តាមរយៈសារជាសំឡេង នៅល្ងាចថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅសល់រយៈពេលពីរថ្ងៃទៀតទេ ស៊ីហ្គេម នឹងចាប់ផ្តើមជាផ្លូវការ ប៉ុន្តែមុនស៊ីហ្គេមបើកជាផ្លូវការ ក៏មានការប្រកួតមួយចំនួន ជាពិសេសគឺការប្រកួតកីឡាបាល់ទាត់ និងវិញ្ញាសាខ្លះទៀត បាននិងកំពុងប្រកួតរួចទៅហើយ »។
សម្តេច ក៏បានបញ្ជាក់ថា បញ្ហាទាក់ទងទៅនឹងសំបុត្រចូលមើល ចូលរួមបើក ចូលរួមបិទ និងមើលការប្រកួតបាល់ទាត់ បានក្លាយទៅជាប្រធានបទ នៃការវែកញែក ។ ក្នុងចំណុចនេះ សម្តេចក៏បានបញ្ជាក់ថា «ខ្ញ៉ំសុំការអធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រឡាញ់ ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្តាតយើង ពោល គឺស្តាតចាស់ទទួលបានតែចំនួនបី ឬបួនម៉ឺននាក់ ក្នុងពេលមនុស្សចង់ចូលមើល ៣០ម៉ឺននាក់ ឬ ៥០ម៉ឺននាក់ឯណោះ ។ ដោយឡែកស្តាតថ្មីដែលនឹងត្រូវធ្វើពិធីបើក និងពិធីបិទ ដាក់ត្រឹមចំណុះបាន៦ម៉ឺន ឬ៧ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែមនុស្សចង់មើលផ្ទាល់ប្រមាណជាកន្លះលាននាក់ ដូច្នេះអ្នកដែលបានទទួលសំបុត្រពិតជាទទួលការសប្បាយរីករាយ អ្នកដែលមិនទទួលគឺលំបាកចិត្ត ហើយមានការរិះគន់តាមរយៈហ្វេសប៊ុកទៅលើអ្នកចាត់ការ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសអ្វីល្អជាងនេះទៅទៀតទេ ដោយសារតែទីធ្លាមានតែប៉ុណ្ណឹង កន្លែងតូច ប៉ុន្តែមនុស្សចូលមើលគឺច្រើន ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ ដោយជំនួសមកវិញយើងបានរៀបចំឲ្យមានការបញ្ចាំងស្លាយ ដើម្បីឲ្យបងប្អូនមើលនៅខាងក្រៅបម្រើឲ្យការកម្សាន្តសប្បាយរាប់ម៉ឺននាក់នៅទូទាំងប្រទេស មិនមែនត្រឹមតែខត្តទេ ប៉ុន្តែធ្វើទាំងនៅតាមស្រុក តាមឃុំ និងតាមទីអារាមនានាទៀតផង ដែលប្រជាជនយើងសប្បាយរីករាយ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តសុំចិត្តពលរដ្ឋយោគយល់ចំពោះការលំបាកមួយនេះដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ អ្នកដែលទទួលបាន គឺសប្បាយចិត្តណាស់ អ្នកមិនបានទទួលគឺមិនសប្បាយចិត្ត ឯរឿងនេះ វាមិនមែនកើតតែក្នុងប្រទេសកម្ពុជាទេ វាកើតស្ទើរតែគ្រប់ប្រទេស។ ប្រទេសគេលក់សំបុត្រ អ្នកខ្លះទិញបានសំបុត្រ គឺសប្បាយចិត្ត អ្នកខ្លះទិញមិនបាន គឺមិនសប្បាយចិត្ត។ ដោយឡែកនៅប្រទេសយើង ដោយយើងមិនមានការលក់សំបុត្រ គឺកាន់តែមានចំនួនកាន់តែច្រើនចង់ចូលរួម ប៉ុន្តែយើងគ្មានលទ្ធភាពបន្ថែមចំនួនលើសពីចំណុះដែលត្រូវបានកំណត់ជាស្តង់ដារសម្រាប់ការចូលរួម ដើម្បីចៀសវាងហានិភ័យគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ។
សម្តេចតេជោ ក៏បានថ្លែងអំពាវនាវដល់អ្នកដែលទទួលបានសំបុត្រចាំបាច់ត្រូវតែទៅ ហើយប្រសិនបើមិនបានចូលរួមទៅទស្សនាផ្ទាល់ទេ សូមប្រគល់ឲ្យអ្នកផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការសង្ឃឹមថា ប្រជាពលរដ្ឋដែលស្រឡាញ់វិស័យកីឡា មានការយោគយល់ចំពោះរាជរដ្ឋាភិបាល ចំពោះគណៈកម្មការរៀបចំការប្រកួត ។
សម្តេច ក៏បានថ្លែងសូមឲ្យពលរដ្ឋរក្សា នូវភាពថ្លៃថ្នូរ និងសូមកុំវាយប្រហារតាមរយៈ នៃបណ្ដាញសង្គម វាមិនយុត្តិធម៌ចំពោះអ្នកដែលកំពុងប្រឹងប្រែងសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ សូម្បីតែអ្នកមកពីក្រៅប្រទេស ឬជនបរទេសខ្លះក៏មានការលើកឡើងអំពីបញ្ហានេះ ។ សម្តេចបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំគិតថាប្រហែលជាយើងខ្វះការពន្យល់ពីដើមមក»៕
អត្ថបទ៖លោក ហ៊ន សុភ័ក្រ