កីឡាករ កីឡាការិនីកម្ពុជា បានបន្តដណ្ដើមមេដាយមាសជូនប្រទេសជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងនោះ អត្តពលិកគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាសចំនួន ៤គ្រឿងបន្ថែមទៀត ដោយកីឡាករ ពន្លឺ ពេជ្រមរកត បានឈ្នះមេដាយមាសលើវិញ្ញាសាព្រលឹងល្បុក្កតោឯកត្តជនបុរស ចំនួន១គ្រឿង កីឡាការិនី ម៉ៅ លក្ខិណា ឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសាព្រលឹងល្បុក្កតោឯកត្តជននារី កីឡាករ គឹម ទិត្យសុវឌ្ឍនៈ ឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសាទ្វាមេគុនអាវុធឥតមុខ និងកីឡាការិនី យស់ សច្ចនា ឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសា ទ្វាមេគុនដៃឯកត្តជន
។
កីឡាករល្បុក្កតោ ពេជ្រ ពន្លឺ បានមេដាយប្រាក់១គ្រឿងផងដែរ លើវិញ្ញាសាទ្វាមេគុនដៃឯកត្តជន និង កីឡាការិនីល្បុក្កតោ ពុធ ចាន់ឆវី ទទួលមេដាយប្រាក់១គ្រឿងលើវិញ្ញាសាទ្វាមេគុនអាវុធនារី។
សូមជម្រាបថា ការឈ្នះមេដាយមាស៤គ្រឿងនិងប្រាក់២គ្រឿងនេះ បានកើតឡើងបន្ទាប់ពីអត្ពពលិកជឺជិតស៊ូកម្ពុជា បានដណ្ដើមបានមេដាយមាស១គ្រឿងលើវិញ្ញាសាសម្ដែងជាគូបុរស និងមេដាយប្រាក់ ២គ្រឿងលើវិញ្ញាសាសម្ដែងជាគូនារី និងវិញ្ញាសាប្រយុទ្ធនារី៥២គីឡូក្រាម។
ដូច្នេះសរុបត្រឹមម៉ោង៧យប់នេះ កម្ពុជាឈ្នះមេដាយមាស៥គ្រឿង និងប្រាក់៤គ្រឿង សរុប ៩ គ្រឿង ដើម្បីឈរនៅកំពូលតារាងមេដាយសរុប៕