កីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធ No Gi ទម្ងន់ ៥២គីឡូក្រាម នៃកីឡាជឺជិតស៊ូ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយផ្ដួលកីឡាការិនីហ្វីលីពីន Ochoa Margarita ឱ្យសុំចុះចាញ់ នៅវគ្គផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃទី៧ ខែឧសភានេះ។
ការឈ្នះមេដាយមាស១គ្រឿងរបស់ចេសាលើកនេះ បានធ្វើឱ្យនាងរក្សាកំណត់ត្រារបស់ខ្លួន ដែលអាចឈ្នះមេដាយមាស១គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមួយ។ កាលពីឆ្នាំ២០១៩ស៊ីហ្គេមនៅប្រទេសហ្វីលីពីន ចេសា បានឈ្នះមេដាយមាស១គ្រឿងផងដែរ តែក្នុងទម្ងន់ ៤៩គីឡូក្រាម ដោយផ្ដួលកីឡាការិនីហ្វីលីពីនដូចគ្នា។
ចេសា ដែលជាកូនកាត់កម្ពុជា-អាមេរិក នៅតែបន្តស្វែងរកការបំបែកកំណត់ត្រារបស់ខ្លួន ដើម្បីឈ្នះមេដាយមាស២គ្រឿង នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកក្រោយ៕