×

ឥណ្ឌូណេស៊ីVsកម្ពុជា៖ ទោះលទ្ធផលទៅជាបែបណា ក្រុមបាល់ទះជម្រើសជាតិបានឈ្នះរួចហើយ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបំបាក់ក្រុមបាល់ទះជម្រើសជាតិថៃ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតមួយយ៉ាងជក់ចិត្តនិងស្វិតស្វាញកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ពាន់នាក់។

ការឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទះផ្នែកបុរសរបស់កម្ពុជា គឺជាសមិទ្ធផលដ៏អស្ចារ្យរួចទៅហើយ ដោយកម្ពុជាបានកក់មេដាយប្រាក់រួចជាស្រេច។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទះកម្ពុជា ដែលអាចឈានទៅដល់វគ្គចុងក្រោយដណ្ដើមមេដាយមាស ដែលនឹងត្រូវចងចាំក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

ជាការពិត ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី គឺជាជើងខ្លាំងក្នុងវិញ្ញាសាបាល់ទះផ្នែកបុរសនេះ ហើយក៏ជាក្រុមម្ចាស់មេដាយមាសជាច្រើនសម័យនិងជាក្រុមការពារមេដាយមាសស៊ីហ្គេមកាលពីនៅប្រទេសវៀតណាម ឆ្នាំមុនផងដែរ។ ប៉ុន្តែទោះលទ្ធផលទៅជាយ៉ាងណា ក៏កម្ពុជាបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យបាល់ទះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កម្ពុជា នឹងប្រកួតទល់នឹងក្រុមឥណ្ឌូណេស៊ី នៅសាលបាល់ទះ ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៧:៣០ នាទី ក្នុងការប្រកួតសងសឹកដែលកម្ពុជាបានបរាជ័យក្នុងថ្វីដៃរបស់ពួកគេ កាលពីប្រកួតក្នុងវគ្គចែកពូល ដោយលទ្ធផល ៣សិតទល់នឹង០ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង