ឥណ្ឌូណេស៊ី គឺជាក្រុមដំបូងគេបង្អស់ក្នុងពូល A ដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ខណៈមីយ៉ាន់ម៉ា និងកម្ពុជា រង់ចាំមើលលទ្ធផលនៅក្នុងការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ។
ឥណ្ឌូណេស៊ី គឺជាក្រុមខ្លាំងក្នុងពូល A ដោយមិនទាន់ស្គាល់ពាក្យថាស្មើឬចាញ់ក្នុង ៣ប្រកួតកន្លងទៅ។ គ្មានក្រុមណាអាចបំប៉ោងសំណាញ់ទីរបស់ពួកគេបានឡើយទេ គិតមកទល់ពេលនេះ។
ប្រកួតចុងក្រោយ ឥណ្ឌូណេស៊ី យកឈ្នះទីម័រខាងកើតដែលបានធ្លាក់ ដោយលទ្ធផល ៣-០។ ឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល ឥណ្ឌូណេស៊ីស៊ុតបញ្ចូលទីទៅលើគូប្រកួតចំនួន ១១គ្រាប់។
មីយ៉ាន់ម៉ា បានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ដោយលទ្ធផល ២-០ កាលពីម្សិលមិញ ដើម្បីយក៣ពិន្ទុបន្ថែមក្នុងការប្រកួតទី៣។ ពួកគេមាន ៦ពិន្ទុ លើសកម្ពុជា ២ពិន្ទុ។
ការប្រកួតបន្ទាប់ នឹងសម្រេចជោគវាសនារបស់ក្រុមទាំងពីរ នៅពេលដែល មីយ៉ាន់ម៉ាជួបក្រុមហ្វីលីពីនដែលបានធ្លាក់ ខណៈកម្ពុជានឹងប៉ះក្រុមខ្លាំងឥណ្ឌូណេស៊ី៕