×

អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា៖ កីឡាបាល់បោះកម្ពុជា ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ដោយសារមានការគាំទ្រពីគ្រប់ភាគី

លោក Austin Coledole អគ្គលេខាធិការ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានមានប្រសាសន៍ថា ក្រុមរបស់កម្ពុជា បានជូបឧបសគ្គជាច្រើន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ប៉ុន្តែដោយសារតែទទួលបានការជួយគាំទ្រពី OCIC ក៏ដូចជាខាង CAMSOC ក្រុមរបស់កម្ពុជា មានការត្រៀម និងភាពមោះមុត ក្នុងការសម ហើយទទួលបានអ្នកចូលរួមគាំទ្រជាច្រើន។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា សម្រាប់ការរៀបចំការប្រកួតបាល់បោះនេះ សហព័ន្ធ ក៏ដូចជាគណៈកម្មការ បានរៀបចំការប្រជុំជាច្រើនលើក បើទោះបីជាមានឧបសគ្គ ក៏មានពេលគ្រប់គ្រាន់ ក្នុងការដោះស្រាយ និងបានលើកឡើងថា ដោយសង្កេតឃើញមានអ្នកមកគាំទ្រពីគ្រប់ប្រទេស ហើយកីឡាមានភាពរលូន នេះ បង្ហាញឱ្យឃើញពីការរៀបចំជោគជ័យមួយរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការ បានសំណូមពរឱ្យប្រជាជនទាំងអស់ មកទស្សនាបាល់បោះឱ្យបានគ្រប់គ្នា ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយស្របតាមប្រសាសន៍ របស់សម្ដេចតេជោ ប្រជាជនខ្មែរទាំងអស់ ប្រជាជនមកពីអាស៊ីយើង ឬក៏អ្នកទេសចរក៏ដោយ គួរតែទាញយកឱកាសនេះ ចូលរួមទស្សនាការប្រកួតកីឡានានា។

ចំពោះកីឡាបាល់បោះ ចែកចេញជាពីរវិញ្ញាសា គឺវិញ្ញាសា៣ទល់៣ ដែលនឹងត្រូវបញ្ចប់ដណ្តើមមេដាយ នៅថ្ងៃទី០៧ ខែឧសភានេះ ហើយវិញ្ញាសា៥ទល់៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែឧសភា។

សូមបញ្ជាក់ថា ក្រុមកីឡាករបាល់បោះកម្ពុជា បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត ដោយទទួលបានមេដាយមាសជាលើកដំបូងបង្អស់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដោយបានប្រកួតផ្តាច់ព្រ័ត្រ ជាមួយក្រុមហ្វីលីពីន ក្នុងវិញ្ញាសា ៣ទល់៣ នៅសាលដំរី២ នៃពហុកីឡដ្ខានមរតកតេជោ ដោយបានយកឈ្នះក្នុងលទ្ធផល ២០ទល់១៥៕

ដោយ៖ គង់ វណ្ណៈ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង