×

ស៊ីហ្គេម៖ កីឡាការិនីរត់ចម្ងាយកម្ពុជា ប៊ួ សំណាង ទាក់ចិត្តបណ្ដាញសារព័ត៌មានអន្តរជាតិចំពោះការតស៊ូមិនបោះបង់ នៅក្រោមភ្លៀងខ្យល់យ៉ាងខ្លាំង

កីឡាការិនីរត់ចម្ងាយ ប៊ួ សំណាង ដែលប្រកួតតំណាងឱ្យប្រទេសកម្ពុជានៅក្នុងវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ ត្រូវបានបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ បានបង្ហាញពីការតស៊ូមិនបោះបង់ ទោះបីជាមេឃកំពុងភ្លៀង និងមានខ្យល់ខ្លាំងក៏ដោយ។

ប៊ួ សំណាង បានបញ្ចប់ទីនៅចុងក្រោយគេ នៅក្នុងវិញ្ញាសារបស់នាង តាមពីក្រោយកីឡាការិនីកម្ពុជាដូចគ្នា ពោលគឺកីឡាករ រុណ រំដួល។ គ្រាន់តែមកដល់ទីព្រ័ត្រភ្លាម សំណាង បានសម្រក់ទឹកភ្នែក និងបានកាន់ទង់ជាតិដោយក្ដីរំភើបដែលខ្លួនបានប្រកួតតំណាងឱ្យកម្ពុជា។

សំណាង មិនត្រឹមតែបានឆក់យកបេះដួងរបស់អ្នកគាំទ្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនាងបានធ្វើឱ្យសារព័ត៌មានបរទេស ពិសេសសារព័ត៌មានថៃ ចុះផ្សាយពីការលះបង់របស់នាងជូនចំពោះប្រទេសកម្ពុជាថែមទៀតផងដែរ។

នៅក្នុងចំណុចមួយនៃសំណេររបស់សារព័ត៌មានថៃ Main Stand បានសរសេរថា៖ “ទោះលឿនឬយឺតក៏ដោយ ក៏អ្នកនៅតែអាចសម្រេចគោលដៅរបស់អ្នកបាន”៕

ប្រភពរូប៖ Main Stand

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង