×

កម្ពុជា ឈ្នះមេដាយមាស៥គ្រឿងនិងប្រាក់១គ្រឿងក្នុងវិញ្ញាសាគុនខ្មែរនៅថ្ងៃទី១០ឧសភានេះ

ក្រុមអត្តពលិករបស់កម្ពុជាលើវិញ្ញាសាគុនខ្មែរ ដណ្ដើមបានមេដាយមាសចំនួន ៥គ្រឿង និងប្រាក់ ១គ្រឿង ក្នុងវិញ្ញាសាប្រភេទទម្ងន់ផ្សេងៗគ្នា នៅសាលដំរី ពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១០ឧសភា។

កីឡាករ ម៉ាប់ ធារ៉ា បានឈ្នះមេដាយមាសទីមួយ សម្រាប់កម្ពុជាក្នុងវិញ្ញាសាគុនខ្មែរ ក្រោយវាយឱ្យកីឡាករវៀតណាម Vo Nhuan Phong បោះបង់ការប្រកួតត្រឹមទឹកទី២ ក្នុងប្រភេទ៤៥គ.ក។

កីឡាករ ភុន ពិសិដ្ឋ បានឈ្នះមេដាយមាសទីពីរសម្រាប់កម្ពុជា ក្នុងវិញ្ញាសាគុនខ្មែរ ទម្ងន់ ៤៨គ.ក ក្រោយកីឡាករវៀតណាម Duong Duc Bao ដែលជាគូប្រកួតចាញ់ដោយពិន្ទុ។

កីឡាករ ខាំ ខ្លានាង បានដណ្ដើមមេដាយមាសទីបីសម្រាប់កម្ពុជា ក្នុងវិញ្ញាសាគុនខ្មែរ ក្រោយយកឈ្នះកីឡាករវៀតណាម Le Cong Nghi ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៥១គ.ក។

កីឡាករកម្ពុជា ហ៊ឹម គឹមរៀង បានវាយឱ្យកីឡាករឡាវ Soukna Keothatalath សន្លប់នៅក្នុងទឹកទីពីរ ក្នុងវិញ្ញាសាប្រកួតប្រភេទទម្ងន់ ៥៤គ.ក ដោយបន្តយកឈ្នះមេដាយមាសទី៤សម្រាប់កម្ពុជា ក្នុងកីឡាគុនខ្មែរ។

ចុងក្រោយ កីឡាករ ឡៅ ចិត្រា បានផ្ដួលកីឡាករវៀតណាម Chau Dat Nguyen ដោយធ្វើឱ្យបោះបង់ការប្រកួតក្នុងទឹកទី៣ ក្នុងទម្ងន់៦៧គីឡូក្រាម ដើម្បីឈ្នះមេដាយមាស១គ្រឿងបន្ថែមទៀតជូនកម្ពុជា។

ដោយឡែក មេដាយប្រាក់របស់កម្ពុជា បានទៅលើកីឡាការិនី សំ សំណាង ដែលប្រកួតចាញ់កីឡាការិនីវៀតណាម Bang Thi Mai ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង