×

លោក ស សុខា៖ ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ ខណៈមតិវិជ្ជមានជាការគាំទ្រនិងមតិអវិជ្ជមានជាការរិះគន់ដើម្បីស្ថាបនា

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន បានលើកឡើងថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគក្រោយពីក្រុមបាល់ទះនារីចាញ់២ប្រកួតជាប់គ្នា។ ក្នុងនោះចាញ់ក្រុមបាល់ទះនារីហ្វីលីពីនលទ្ធផល៣សិតទល់០ និង ចាញ់ក្រុមជម្រើសជាតិបាល់ទះនារីសិង្ហបុរីក្នុងលទ្ធផល៣សិតទល់០ ក្នុងវគ្គសន្សំពិន្ទុ។ បន្ថែមពីលើនេះ ក្រុមបាល់ទះនារីកម្ពុជាទើបបង្កើតឡើង៦ខែប៉ុណ្ណោះ មុនការប្រកួតស៊ីហ្គេមមកដល់។

លោក ស សុខា បានមានប្រសាសន៍ថា៖ “ជាការកត់សម្គាល់ ខ្ញុំសង្កេតឃើញបងប្អូនដែលតាមដានការប្រកួតបាល់ទះនារី ជាពិសេស ពេលក្រុមបាល់ទះនារីកម្ពុជាឡើងប្រកួត ដោយបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ ខ្ញុំគិតថាមតិវិជ្ជមាន ជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការឈ្វេងយល់កីឡាល្អិតល្អន់។ ចំណែកឯមតិអវិជ្ជមាន ខ្ញុំគិតថា បងប្អូនក៏គ្មានបំណងអាក្រក់ដែរ គ្រាន់តែថាមកពីបងប្អូនចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយពីបងប្អូនបានឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន”។

លោករដ្ឋលេខាធិការ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមានលោកសន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត លោកសូមបើកចំហរ និងស្វាគមន៍រាល់មតិយោបល់របស់បងប្អូនទាំងអស់ ក្នុងន័យស្ថាបនា ដើម្បីបានជាធាតុចូលអភិវឌ្ឍក្រុមបាល់ទះនារីទៅថ្ងៃមុខ។ លោកថាតែទន្ទឹមនេះ លោកក៏សូមឆ្លៀតឱកាសគូសបញ្ជាក់ខ្លះៗតាមការយល់ឃើញសម្រាប់ជាការពិចារណា រួមមាន៖

១.ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ កាលណាមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឲ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា “ពិពិធកម្មកីឡា”។ ពោលគឺ ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា “កីឡាលើសពីឈ្នះ!”។

២. និយាយអំពីសមត្ថភាពវិញ លោកទទួលស្គាល់ថា ក្រុមបាល់ទះនារីកម្ពុជា ពិតជានៅមានកម្រិត។ ប៉ុន្តែ បើនិយាយអំពីអតីតភាពវិញ ក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះ។

លោក ស សុខា បានបញ្ជាក់ថា ពេលវេលានេះឃើញថា ខ្លីណាស់ទាំងសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក។ បើធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ ដោយមានពេលវេលាវែងក្នុងការហ្វឹកហាត់ មានឱកាសប្រឡូកក្នុងការប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក ទាំងមិត្តភាព និងដណ្ដើមពាន ពិសេស បានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងៗទៅថែមទៀត។ ជារួមសឹងតែគ្រប់រឿង ពេលវេលាសំខាន់ណាស់ យើងពុំអាចប្រើពេលដ៏ខ្លី ធ្វើឱ្យប្រភេទកីឡាមួយបានល្អបានទេ។

លោក ស សុខា បានថ្លែងថា៖ “និយាយឱ្យខ្លី យើងមិនអាចជប់ក្រុមបាល់ទះនារីកម្ពុជា ឱ្យក្លាយជាក្រុមល្អ ឈានទៅដល់កម្រិតអាជីព និងទទួលបានមេដាយភ្លាមៗបានទេ។ ពេលវេលា ក៏ជាទុនវិនិយោគស្នូលមួយក្នុងចំណោមទុនវិនិយោគស្នូលផ្សេងទៀតក្នុងវិស័យកីឡា”។

ជាមួយគ្នានេះ លោក ស សុខា ក៏បានថ្លែងអំណរគុណដោយស្មោះចំពោះស្មារតីរបស់បងប្អូនទាំងអស់ ដែលគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយលោកអំពាវនាវបន្ថែមទៀតដល់បងប្អូនទាំងអស់គ្នា សូមបន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និយាយជារួម៕

អត្ថបទ៖ វឿន សាវុធ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង