×

អតីតគ្រូបង្វឹក លោក ហុងដា បង្ហាញអារម្មណ៍ពិតក្នុងការដឹកនាំក្រុមកម្ពុជា រយៈពេល៥ឆ្នាំកន្លងមកនេះ”សូមមានក្តីស្រមៃមួយ ហើយបន្តស្វែងរកក្តីស្រមៃនោះ”

នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ លោក កៃស៊ុកិ ហុងដា បានរៀបរាប់ពីអារម្មណ៍ពិត ដែលលោក បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣។

លោកបានថ្លែងរៀបរាប់ថា៖ “អារុណសួស្តី! ដូចបងប្អូនដឹងហើយថា ការងាររបស់ខ្ញុំ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់កាលពីយប់មិញ។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាសប្បាយរីករាយជាមួយនឹងលទ្ធផលល្អប្រសើរ។ ប៉ុន្តែយើងមិនអាចធ្វើវាបានទេ។ ជីវិតរបស់យើង មិនដូចការសន្យានោះទេ ហើយការពិត គឺជាអ្វីម្យ៉ាងដែលខ្ញុំពិបាកទទួលយក”។

លោកបានបន្ថែមថា៖ “ខ្ញុំមានអារម្មណ៍ដូចជារាល់ដងអ៊ីចឹង សម្រាប់ការងាររបស់ខ្ញុំតាំងពីឆ្នាំ២០១៨។ ប៉ុន្តែអ្នកគឺជាថាមពល និងក្តីសង្ឃឹមរបស់ខ្ញុំ។ នោះជាមូលហេតុដែលខ្ញុំបន្តការងាររហូតដល់ទីបញ្ចប់។ ខ្ញុំគ្មានអ្វីក្រៅពីអរគុណគ្រប់បែបយ៉ាងសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកផ្តល់ឱ្យខ្ញុំ និងកីឡាករច្រើនណាស់។ ខ្ញុំពិតជាមានមោទកភាព ចំពោះអ្នកទាំងអស់គ្នាណាស់”។

លោក ហុងដា បាននិយាយថា ចុងក្រោយលោកចង់ប្រាប់ពាក្យនេះដល់អ្នកថា៖ “សូមមានក្តីស្រមៃមួយ ហើយបន្តស្វែងរកក្តីស្រមៃនោះ”។

សូមជម្រាបជា លោក កៃស៊ុកិ ហុងដា បានចប់ភារកិច្ចក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពី U22 កម្ពុជាចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ១-២ ធ្វើឱ្យម្ចាស់ផ្ទះកម្ពុជា អស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គោលដៅសំខាន់របស់លោក គឺដឹកនាំកម្ពុជាឱ្យទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ប៉ុន្តែលទ្ធផលមិនបានដូចការគ្រោងទុកឡើយ៕

អត្ថបទ៖ វឿន សាវុធ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង