×

សារព័ត៌មានធំៗលើពិភពលោក ផ្សព្វផ្សាយពីកីឡាការិនី ប៊ួ សំណាង

បណ្ដាញសារព័ត៌មានល្បីៗនៅលើពិភពលោក បានងាកមកចាប់អារម្មណ៍លើកីឡាការិនីកម្ពុជា ប៊ួ សំណាង បន្ទាប់ពីនាងបានបង្ហាញពីភាពអំណត់អត់ធ្មត់តស៊ូមិនបោះបង់ ក្នុងការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត្រ ទោះបីជាដឹងថាខ្លួននៅក្រោយគេ ស្របពេលដែលមេឃកំពុងភ្លៀងខ្លាំងយ៉ាងណាក៏ដោយ។

មនុស្សទូទៅអាចនឹងបោះបង់ការប្រកួត ប៉ុន្តែសំណាងមិនធ្វើបែបនេះឡើយ។ មូលហេតុនេះហើយ ធ្វើឱ្យកីឡាការិនីរូបនេះបានទាក់ចិត្តរបស់ទស្សនិកជន និងបណ្ដាញសារព័ត៌មាននានា ដែលកំពុងផ្តិតយករូបភាពដ៏អស្ចារ្យពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រូបភាពរបស់សំណាង បានលេចឡើងនៅក្នុងទំព័រសារព័ត៌មានធំៗ ដែលបានយករឿងរ៉ាវរបស់នាងទៅចុះផ្សាយ។ សារព័ត៌មាន BBCបានដាក់ចំណងជើងថា៖ “កីឡាការិនី ប៊ួ សំណាងរបស់កម្ពុជា បានបញ្ចប់ទីរត់ចម្ងាយ៥០០០ម៉ែត្រទោះភ្លៀងខ្លាំង មកក្រោយអ្នកឈ្នះ ៦ នាទី”។

សារព័ត៌មាន The Guardian បានសរសេរថា៖ កីឡាការិនីរត់ចម្ងាយកម្ពុជា មិនបោះបង់ការប្រកួត ទោះព្យុះភ្លៀងខ្លាំងយ៉ាងណាក៏ដោយ

ចំណែកសារព័ត៌មាន The Strait Times ចុះផ្សាយអត្ថបទដែលមានចំណងជើងថា៖ “កីឡាការិនីកម្ពុជាដែលទទឹកជោក ចាញ់ការរត់ចម្ងាយ៥០០០ម៉ែត្រ តែឈ្នះបេះដួងមនុស្សជាច្រើន”។

សារព័ត៌មាន Channel News Asia បានដាក់ចំណងជើងស្រដៀងគ្នា “កីឡាការិនីកម្ពុជាដែលទទឹកជោក បញ្ចប់ទីព្រ័ត្រក្រោយគេនៅស៊ីហ្គេម តែឈ្នះបេះដូងមនុស្សជាច្រើន”៕

ប្រភពរូប៖ Main Stand

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង