ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អ្នកប្រដាល់ ប៊ូខាវ បេនឆាមេក រួមទាំងក្រុមកីឡាឃីកបុកស៊ីងរបស់ក្រុមជម្រើសជាតិថៃ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមការប្រកួតក្នុងវិញ្ញាសាឃីកបុកស៊ីង នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែឧសភា។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងការពារជាតិ បានឱ្យដឹងដូច្នេះថា៖ “ការមកដល់របស់! ប៊ួខាវ រួមដំណើរជាមួយក្រុមកីឡា ឃីកបុកស៊ីង របស់គេធ្វើដំណើរមកកម្ពុជានាថ្ងៃនេះដែរ សម្រាប់ការប្រកួតចាប់ពីថ្ងៃទី១៣ ខែឧសភា តទៅ ។ សំណូមពរដល់បងប្អូនយើង សូមរក្សាភាពថ្លៃថ្នូរ និងសុជីវធម៌របស់យើង កុំប្រមាថលើបុគ្គលណាម្នាក់ ក្នុងនាមយើងជាម្ចាស់ផ្ទះ”។
ប្រទេសថៃបានបញ្ជូនអត្តពលិក ១៧រូប និងមន្ត្រីរបស់ខ្លួន ៨រូប ដើម្បីចូលរួមប្រកួតកីឡាឃីកបុកស៊ីង ដោយបានដាក់គោលដៅយកមេដាយមាសយ៉ាងតិច ៦គ្រឿង៕