ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មិនទាន់បញ្ចប់នោះទេ ប៉ុន្តែអត្តពលិករបស់កម្ពុជា បានធ្វើរឿងដ៏អស្ចារ្យដោយបានឈ្នះមេដាយមាសលើវិញ្ញាសាកីឡាដែលយើងមិនធ្លាប់ឈ្នះពីមុនមកជាបន្តបន្ទាប់។
កាលពីថ្ងៃទី១២ ខែឧសភា កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសលើវិញ្ញាសាហែលជើងទាចម្ងាយ ៤០០ម៉ែត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយប្រើថិរវេលា ៣នាទីនិង ៥៩.០១វិនាទី។
នៅថ្ងៃទី១១ ខែឧសភា កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានឈ្នះមេដាយមាសលើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែលនេះជាការឈ្នះមេដាយមាសលើកដំបូងរបស់កម្ពុជា ក្នុងប្រភេទកីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
កីឡាការិនី ស្រួង ភាវី ឈ្នះមេដាយមាសលើកដំបូងជូនកម្ពុជា លើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង។
ក្រុមកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿង ជាប្រវត្តិសាស្ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា។
ក្រុមបាល់បោះបុរសកម្ពុជា បានឈ្នះមេដាយមាសលើវិញ្ញាសា ៣ទល់៣ ដែលកម្ពុជាមិនធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះឡើយនាពេលកន្លងមក។
កីឡាករ រៀម សុខភិរម្យ បានដណ្ដើមបានមេដាយមាសលើកដំបូងជូនកម្ពុជា លើវិញ្ញាសាបាល់ទាត់លើតុ។
ដោយឡែក កីឡាដែលកម្ពុជា បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ មានក្រុមបាល់ទះបុរស ដែលដណ្ដើមបានមេដាយប្រាក់ជាប្រវត្តិសាស្ត្រ។ ចំណែកក្រុមបាល់ទាត់នារីកម្ពុជា ធ្វើរឿងមិននឹកស្មានដល់ ដោយបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូង លើវិញ្ញាសាបាល់ទាត់ផ្នែកនារី៕