ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានថ្លែងថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ នឹងមានការរៀបចំដូចពិធីបើកផ្លូវការ ប៉ុន្តែមានការរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិត ស្រស់ស្អាត ស្តង់ដារ និងអស្ចារ្យ ដើម្បីឲ្យទស្សនិកជនដែលបានចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះ។
«ពិធីបិទយើងធ្វើនៅកម្រិតមួយសមរម្យប៉ុន្តែក៏មានភាពដោយឡែកនិងភាពអស្ចារ្យមួយផ្នែកទៀត ហើយការរៀបចំកម្មវិធីបិទនេះគឺសម្តែងនូវទស្សនីយភាពប្លែកៗនិងសំខាន់ៗ រួមមានទាំងសិល្បករ សិល្បការិនី កងទ័ពជិត ២.០០០នាក់នៅក្នុងការរៀបចំទស្សនីយភាពបិទពិធីនេះ ហើយការរៀបចំបិទនេះយើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយដែលមានភាពអាឡោះអាល័យ ឬក៏ជោគជ័យភាពសប្បាយរីករាយដើម្បីជាមោទនភាពរួមគ្នានៅក្នុងការរៀបចំស៊ីហ្គេមនេះ»។ នេះជាប្រសាសន៍លោក វ៉ាត់ ចំរើន ថ្លែងប្រាប់សារព័ត៌មាន។
ជាមួយគ្នានេះលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ CAMSOC នៅតែចាត់ទុកការងារសន្តិសុខសណ្តាប់ធ្នាប់ជាអាទិភាពទី១ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍មួយនេះ។
សូមជម្រាបថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វឿន សាវុធ/CNC