×

សម្ដេចនាយករដ្ឋមន្ដ្រី អនុញ្ញាតឱ្យកីឡាករ-កីឡាការិនី មកចូលប្រកួតស៊ីហ្គេមចូលទស្សនាអង្គរវត្ត មិនយកលុយថ្លៃសំបុត្រនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យក្រុមកីឡាករ-កីឡាការិនី ដែលមកចូលរួម ប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឱ្យពួកកាត់ ចូលទស្សនាដោយឥតគិតថ្លៃទេ។

សម្តេចតេជោ ក៏បានប្រកាសឱ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំក្រុមកីឡាករ-កីឡាការិនីដែលមកចូលព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចក៏គូសបញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេស ជាសមាជិកអាស៊ាននោះ ដែលចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រ។

ការថ្លែងនេះរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា ពិធីបិទបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី៣២ នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

អត្ថបទ៖ វឿន សាវុធ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង