×

ថៃ ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣នេះ ប្រកបដោយជោគជ័យ និងជាមោទកភាព និងបានការគាំទ្រយ៉ាងខ្លាំង លើសាកលលោក នៅឆ្នាំ២០២៥ខាងមុខ ព្រះរាជាណាចក្រថៃឡង់នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដែលជាព្រឹត្តិការណ៍ប្តូរវេន រៀងរាល់២ឆ្នាំម្តង នៃប្រទេសជាសមាជិកអាស៊ាន។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារស៊ីធីហ្គាដេន ភាគីថៃ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលថៃ ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។

ខណៈដែលប្រទេសថៃ ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៣ ឆ្នាំ២០២៥ខាងមុខ ប្រទេសថៃមានកិត្តិយស ដែលមានតំណាងមកពីប្រទេសសមាជិកអាស៊ានចូលរួម។

ក្នុងសន្និសីទនេះ ភាគីថៃមានការចាក់បញ្ចាំងវីដេអូត្រៀមរៀបចំ “ស៊ីហ្គេមលើកទី៣៣ ទីក្រុងបាងកក ឈុនបុរី សុងក្លា” ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ និងពហុវិស័យរបស់ខ្លួន ពេលត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។

សន្និសីទសារព័ត៌មាន ក៏មានការសម្តែងមួយក្រោមចំណងជើងថា “សូមស្វាគមន៍មកកាន់ទីក្រុងដ៏រីករាយ” ដែលបង្ហាញពីភាពស្រស់ស្អាតដ៏អស្ចារ្យនៃវប្បធម៌ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ថៃ ហើយពង្រីកការស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់ចំពោះភ្ញៀវទេសចរណ៍ទាំងអស់ ទៅកាន់ប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលរួមអបអរសាទរ។ លោកអគ្គលេខាធិការ ក៏បានសម្តែងនូវបំណងចង់អភិវឌ្ឍកីឡាស៊ីហ្គេម និងទំនាក់ទំនងរវាងប្រទេសអាស៊ាន ជាមួយតំណាងមកពីប្រទេសជាសមាជិកដទៃទៀត ដែលបានសន្យាគាំទ្រទាំងស្រុង និងសាមគ្គីភាពចំពោះប្រទេសថៃ។

ប្រទេសថៃ នឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣៣ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥៕

ដោយ៖ វង សុភ័ក្ត្រ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង