×

Cassande Nicole Tubbs ពីកីឡាការិនីធ្លាប់ទទួលបានមេដាយសំរឹទ្ធរហូតអាចដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេមលើវិញ្ញាសាតេក្វាន់ដូ

ភ្នំពេញ៖ កីឡាការិនី Cassande Nicole Tubbs បានតំណាងឱ្យកម្ពុជាប្រកួតលើវិញ្ញាសាតេក្វាន់ដូក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដោយដណ្តើមបានមេដាយមាសដោយជោគជ័យជាហេតុធ្វើឱ្យកម្ពុជាទាំងមូលមានមោទកភាពចំពោះកីឡាការិនីរូបនេះជាខ្លាំងដែលនាងជាជើងខ្លាំងមួយរូបក្នុងចំណោមកីឡាករ កីឡាការិនីជាច្រើនទៀតដែលតំណាងឱ្យកម្ពុជា។

Cassande បានបង្ហាញអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមពុំបានក្រោយដណ្តើមបានមេដាយមាសបន្ទាប់ពីការខិតខំហ្វឹកហាត់កន្លងមកបានហុចផ្លែផ្កាឱ្យគួរជាទីគាប់ចិត្តបែបនេះ។ កីឡាការិនីជាកូនខ្មែរកាត់អាមេរិករូបនេះបានមកដល់ទឹកដីកម្ពុជាមុនការប្រកួត ២សប្តាហ៍ដោយនាងនៅតែសម្រុកពង្រឹងសមត្ថភាពបន្តក្នុងគោលបំណងតែមួយគត់គឺដណ្តើមមេដាយមាសជូនកម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

រំឭកទៅកាលពីឆ្នាំ ២០១៧ នៃការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី Cassande ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿង ក្នុងឆ្នាំ២០១៩ នៃការប្រកួតស៊ីហ្គេមនៅហ្វីលីពីននាងក៏បានដណ្តើមមេដាយប្រាក់មួយគ្រឿង និងក្នុងឆ្នាំ២០២២ នៃការប្រកួតស៊ីហ្គេមនៅវៀតណាម នាងក៏បានដណ្តើមមេដាយសំរឹទ្ធមួយគ្រឿងទៀត។ ចំណែកឯការប្រកួតស៊ីហ្គេមក្នុងឆ្នាំ ២០២៣ បានបង្ហាញឱ្យឃើញថាសមត្ថភាពរបស់នាងកាន់តែប្រសើរឡើងជាលំដាប់រហូតអាចសម្រេចក្តីប្រាថ្នាឈ្នះមេដាយមាសក្នុងការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង