×

លោក វ៉ាត់ ចំរើន៖ អ្នកក្លែងសំបុត្រចូលទស្សនាស៊ីហ្គេម ប្រឈមនឹងជាប់ពន្ធនាគារ៥ឆ្នាំ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការថតចំលង (កូពី) សំបុត្រចូលទស្សនា ឬក្លែងត្រាបំភ័ណ្ឌ របស់គណៈកម្មាធិការស៊ីហ្គេម អ្នកប្រព្រឹត្តិ ត្រូវប្រឈមការផ្តន្ទាទោស តាមច្បាប់ជាប់ពន្ធនាគារ៥ឆ្នាំ។

ក្នុងន័យនេះ លោក វ៉ាត់ ចំរើន បានអំពាវនាវឱ្យបញ្ឈប់ការធ្វើអំពើល្មើសទាំងនោះ ហើយក្នុងករណីមិនមានសំបុត្រ សូមទស្សនាតាមទូរសទស្សន៍ និងស្លាយនៅតាមទីប្រជុំជន។

ការលើកឡើងរបស់លោក វ៉ាត់ ចំរើន បន្ទាប់ពីក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានមរតកតេជោ មានជនក្លែងបំភ័ណ្ឌសំបុត្រចូលទស្សនា។

អគ្គលេខាធិការគណៈកម្មាធិការស៊ីហ្គេម បានបញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម បានស្រូបភ្ញៀវទេសចរបរទេសប្រមាណ ២៥ម៉ឺនាក់ ហើយមានប្រជាពលរដ្ឋ ចូលរួមទស្សនារាប់លាននាក់៕

ដោយ៖វង សុភ័ក្ត្រ/CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង