ក្រុមកីឡាករកម្ពុជា ចំនួន ៤នាក់ នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាសលើវិញ្ញាសាឃីកបុកស៊ីង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីម៉ោង២:៣០នាទីរសៀលថ្ងៃទី១៦ ខែឧសភា នៅសាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាករ លន បញ្ញា នឹងប្រកួតជាមួយកីឡាករឥណ្ឌូណេស៊ី Haris Sofyan Abdul លើវិញ្ញាសា Full Contact ទម្ងន់ក្រោម ៦៧គីឡូក្រាម ក្នុងការប្រកួតគូដំបូងរបស់កម្ពុជា។
បន្ទាប់មក កីឡាករ រិន ដាវីត ប្រកួតជាមួយកីឡាករ Wijitnavee Korrakot មកពីប្រទេសថៃ លើវិញ្ញាសា Light Contact ទម្ងន់ក្រោម ៦៣គីឡូក្រាម។
កីឡាករ សៃណេត សៃនី នឹងប្រកួតជាមួយកីឡាករ Stendra Pattisamallo Salmri មកពីឥណ្ឌូណេស៊ី លើវិញ្ញាសា K1 ទម្ងន់ក្រោម៥១គីឡូក្រាម។
ជាចុងក្រោយ គឺជាការជួបគ្នារវាងកីឡាករ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករថៃ Tonphosi Thanaphat លើវិញ្ញាសា Low Kick ទម្ងន់ក្រោម ៧១គីឡូក្រាម។
សូមជម្រាបថា កាលពីវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១៥ខែឧសភា កីឡាករកម្ពុជា ៣រូប ដណ្ដើមបានមេដាយមាស ២គ្រឿង និងប្រាក់ ១គ្រឿង ដោយកីឡាករ ទូច រ៉ាឆាន់ និង សុខ រិទ្ធ ទទួលបានមេដាយមាសម្នាក់១គ្រឿង និងកីឡាករ សាន រ៉ាឃីម ទទួលមេដាយប្រាក់៕