×

សហព័ន្ធបាល់ទាត់អាស៊ីចាប់ផ្ដើមចំណាត់ការរបស់ខ្លួន ក្រោយថៃនិងឥណ្ឌូណេស៊ីចេញសេចក្ដីថ្លែងការណ៍

សមាគមកីឡាបាល់ទាត់ថៃ បានសម្ដែងការសោកស្ដាយនិងសូមអភ័យទោសកាលពីថ្ងៃពុធ និងបានសន្យាដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះអ្នកប្រព្រឹត្តខុស បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រវាងឥណ្ឌូណេស៊ី និងថៃ។

សមាគមកីឡាបាល់ទាត់ថៃ បាននិយាយថា ឧបទ្ទវហេតុនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានធ្វើឱ្យខូចខាតមុខមាត់របស់ក្រុមជម្រើសជាតិថៃ។ សមាគមកីឡាបាល់ទាត់ថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “សមាគមចង់បង្ហាញពីការខកចិត្ត និងសូមទោសចំពោះឧបទ្ទវហេតុដ៏វឹកវរ ដែលបានកើតឡើងនៅក្រៅទីលាន។

ជាពិសេសបុគ្គលិក និងគ្រូបង្វឹកដែលតំណាងឱ្យជនជាតិថៃទាំងអស់ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ចរបស់ពួកគេ ពួកគេត្រូវតែរក្សាអារម្មណ៍ស្ងប់ស្ងាត់របស់ពួកគេក្រោមសម្ពាធខ្លាំង។

យើងនឹងបង្កើតគណៈកម្មាធិការស៊ើបអង្កេតអ្នកពាក់ព័ន្ធទាំងអស់ ហើយនឹងមានការផាកពិន័យ វានឹងមិនមានការការពារដល់អ្នកពាក់ព័ន្ធនោះទេ។ ការស៊ើបអង្កេតនឹងចាប់ផ្តើមភ្លាមៗនៅពេលក្រុមត្រឡប់ទៅផ្ទះវិញ”។

លោក Indra Sjafriអ្នកចាត់ការរបស់ក្រុមឥណ្ឌូណេស៊ី មិនមានអារម្មណ៍ខឹងសម្បារទេ បន្ទាប់ពីដឹកនាំក្រុមរបស់គាត់ឈ្នះមេដាយមាសស៊ីហ្គេមជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩១។ គាត់បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា៖ “ការប្រកួតមានភាពតានតឹងខ្លាំង។ សូមកុំឱ្យមានការបន្ទោសគ្នាទៅវិញទៅមក។ នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ”។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្ដល់សេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Reuters ថា ខ្លួនកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យ AFC បាននិយាយថា៖ ” AFC ខកចិត្តចំពោះឧបទ្ទវហេតុដែលគ្មានសណ្តាប់ធ្នាប់ក្នុងការប្រកួតបាល់ទាត់ស៊ីហ្គេម។

AFC គូសបញ្ជាក់អំពីសារសំខាន់នៃការលេងដោយយុត្តិធម៌ ការគោរពគ្នាទៅវិញទៅមកនិងភាពរួសរាយរាក់ទាក់របស់កីឡា ហើយគ្មានការអត់ឱនចំពោះរាល់អំពើហឹង្សាបែបនេះឡើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង