ក្របខណ្ឌ Premier League នឹងអនុញ្ញាតឱ្យសម្រាកនៅពាក់កណ្តាលរដូវកាល ២០២២-២៣ ចំនួន៧សប្តាហ៍ ដើម្បីឱ្យកីឡាករត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើឡើងនាប្រទេសកាតា។
ក្រោយកិច្ចប្រជុំមួយដែលធ្វើឡើងកាលពីពេលកន្លងទៅ លីគកំពូលអង់គ្លេសបានសម្រេចថាពួកគេ នឹងផ្អាកការប្រកួតរដូវកាល ២០២២-២៣ ពីថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូទើបចាប់ផ្តើមប្រកួតឡើងវិញ។ រដូវកាលនោះដែរ ក៏នឹងត្រូវចាប់ផ្តើមលីគមួយសប្តាហ៍មុន ដែលលឿនជាងរដូវកាលធម្មតា ពោលគឺចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
ការណ៍ដែលក្របខណ្ឌ Premier League សម្រេចធ្វើបែបនេះ ដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់កីឡាករត្រៀមខ្លួនពេញលេញជាមួយក្រុមជម្រើសជាតិ ក្នុងការចូលរួមការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតាឆ្នាំ២០២២។ មិនត្រឹមតែលីគអង់គ្លេសទេដែលត្រូវប្តូរកាលវិភាគថ្មីដោយត្រូវផ្អាកប្រកួតដល់ទៅ៧សប្តាហ៍ដែលសូម្បីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League និង FA Cup នឹងត្រូវពន្យារដល់ខែមិថុនាផងដែរ។
បើមិនមានការផ្លាស់ប្តូរនោះទេ ការប្រកួត World Cup ឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ ចំណែក សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានកំណត់រួចហើយថាកីឡាករពីគ្រប់លីគធំៗនៅអឺរ៉ុប និងលីគផ្សេងទៀតត្រូវអនុញ្ញាតឱ្យកីឡាករទៅហ្វឹកហាត់ជាមួយជម្រើសជាតិចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា។
មូលហេតុដែល World Cup នៅកាតា ត្រូវរៀបចំឡើងនៅខែវិច្ឆិកា និងខែធ្នូ ដោយសារសីតុណ្ហភាពប្រទេសអាចឡើងដល់៥០អង្សាសេនៅរដូវក្តៅ៕