លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ Arsenal ត្រូវបានទទួលការកោតសរសើរ បន្ទាប់ពីក្រុមរបស់លោក បានគ្រប់គ្រងលើគូប្រជែង នៅទីក្រុងឡុងដ៍ គឺ Tottenham Hotspur ។
លោក Gael Clichy អតីតខ្សែការពាររបស់ក្រុមកាំភ្លើងធំ បាននិយាយថា Arteta អាចជាលោក Arsene Wenger ទី២។
ក្រុមកាំភ្លើងធំ Arsenal រកបាន ៣គ្រាប់ក្នុងតង់ទី១ ពី Emile Smith-Rowe, Pierre-Emerick Aubameyang និង Bukayo Saka ខណៈដែល Spurs បានវាយបកបាន១គ្រាប់មកវិញ តាមរយៈ Son Heung-min ។
លោក Arteta ដែលមានអាយុ ៣៩ឆ្នាំបាននិយាយថា៖ “ថ្ងៃនេះគឺជាឧទាហរណ៍មួយនៃអ្វីដែលយើងអាចធ្វើបាន។ វាជាថ្ងៃពិសេសមួយ”។
លោកបានបន្ថែមថា៖ “ជ័យជម្នះនេះ គឺសម្រាប់អ្នកគាំទ្ររបស់ពួកយើង។ ពួកគេបាននៅទីនោះនៅពេលដែលយើងត្រូវការការគាំទ្ររបស់ពួកគេ ហើយឥឡូវនេះយើងកំពុងបង្កើតទំនាក់ទំនងជាមួយអ្នកគាំទ្រ។”
ក្រុមកាំភ្លើងធំ Arsenal បានជួបការលំបាកនៅពេលចាប់ផ្តើមរដូវកាលនេះ រួមទាំងការបរាជ័យក្រោមថ្វីជើងរបស់ក្រុម Man City ដោយលទ្ធផល ៥-០ ផងដែរ ខណៈដែលពួកគេបានចាញ់ ៣ប្រកួតដំបូងរបស់ពួកគេ។
ទោះយ៉ាងណា ចាប់តាំងពីការឈប់សម្រាកជាអន្តរជាតិមក ពួកគេបានប្រែក្លាយជោគវាសនារបស់ពួកគេដោយឈ្នះ ៣ ដងជាប់គ្នា។
លោក Clichy ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Wenger អស់រយៈពេល៨ឆ្នាំ បានធ្វើការជាមួយ Arteta នៅពេលគាត់ជាគ្រូបង្វឹកនៅ Manchester City ហើយជឿជាក់ថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីកសាងកេរ្តិ៍ឈ្មោះនៅ Arsenal ។
Clichy បានប្រាប់ថា៖ “Arteta មានចំណេះដឹងច្រើន ហើយគាត់បានរៀនសូត្រពីលោក Pep [Guardiola]។”
“ខ្ញុំពិតជាជឿជាក់ថា ក្នុងរយៈពេលវែង គាត់អាចក្លាយជា Arsene Wenger ទី២។ គាត់នៅក្មេងហើយខ្ញុំពិតជាជឿជាក់ថា បើមានពេល គាត់នឹងធ្វើឱ្យគ្រប់គ្នាឈប់គិតអវិជ្ជមានពីគាត់៕”