×

សល់៤ថ្ងៃទៀត កម្ពុជានឹងចាប់ផ្ដើមការប្រកួតលើវិញ្ញាសាMLBBតំបន់អាស៊ីដើម្បីស្វែងរកកៅអីព្រឹត្តិការណ៍លំដាប់ពិភពលោក

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះជាមួយនឹងក្រុមខ្លាំងៗមកពី៣ប្រទេស ក្នុងវគ្គសន្សំពិន្ទុ នៅក្នុងការប្រកួតនៃព្រឹត្តិការណ៍ IESF Gamers8 Asian Championship 2023 ដែលរៀបចំឡើងនៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ក្នុងចំណោម ៨ ប្រទេសដែលចូលរួមប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងការប្រកួតវគ្គជម្រុះនេះ នឹងមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេសរ៉ូម៉ានី ដើម្បីតំណាងឱ្យទ្វីបអាស៊ីក្នុងការប្រកួតកម្រិតពិភពលោកនៅឯព្រឹត្តិការណ៍ 15th World E-sports Championships IASI 2023 ។

កម្ពុជា ស្ថិតនៅពូល A ដែលមានក្រុមមកពីប្រទេសម៉ុងហ្គោលី នេប៉ាល់ និងអារ៉ាប់រួម។ ចំណែក ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅពូល B ជាមួយក្រុមកាហ្សាក់ស្ថាន ហ្វីលីពីន និងបង់ក្លាដេស។

កម្ពុជានឹងប្រកួតជាមួយក្រុមជម្រើសជាតិអារ៉ាប់រួម នៅក្នុងការប្រកួតបើកឆាក នាថ្ងៃទី១០ ខែកក្កដា វេលាម៉ោង ១២ថ្ងៃត្រង់ រួចបន្តប៉ះជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅម៉ោង៤:៤៥នាទីរសៀលថ្ងៃដដែល។ មួយថ្ងៃក្រោយមក ការប្រកួតបន្ទាប់ពីរបស់កម្ពុជាគឺជួបជាមួយក្រុមនេប៉ាល់ នៅម៉ោង២:២០នាទីរសៀល ដើម្បីបិទវគ្គសន្សំពិន្ទុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សមាសភាពប្រតិភូកម្ពុជាមាន ៧ រូប ក្នុងនោះមានអគ្គលេខាធិការរង ១រូប គ្រូបង្វឹក ១រូប និង កីឡាករ ៥រូប។ ក្រុមជម្រើសជាតិកម្ពុជារហស្សនាម អ្នកចម្បាំងអង្គរ តំណាងដោយក្រុម BURN X Flash ។

ការប្រកួតជម្រុះត្រូវបានចែកជា២ពូល ដែលមាន ៨ក្រុមចូលក្រោយប្រកួត ស្វែងរកក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗឈានទៅវគ្គខ្វែង ហើយក្រុមលេខ៣ប្រកួតគ្នានៅវគ្គ Last Chance ។ក្រុមចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលបានប្រាក់រង្វាន់ ហើយក្រុមលេខ១ដល់លេខ៥ នឹងកក់កៅអីសម្រាប់ព្រឹត្តិការណ៍ IESF 15th World E-sports Championship IASI 2023៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង