កម្ពុជា នឹងប្រកួតបើកឆាកវគ្គសន្សំពិន្ទុរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ IESF Gamers8 Asian Championship 2023 លើវិញ្ញាសា Mobile Legends: Bang Bang នៅរាជធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយនៅថ្ងៃទី១០ ខែកក្កដានេះ ក្រុមអ្នកចម្បាំងអង្គរ នឹងមានការប្រកួតចំនួនពីរជាបន្តបន្ទាប់។
ដោយការប្រកួតដំបូង ក្រុមអ្នកចម្បាំងអង្គរ នឹងត្រូវជួបជាមួយក្រុមអារ៉ាប់រួម (United Arab Emirates) នៅម៉ោង ៤ រសៀល។ សម្រាប់ការប្រកួតបន្ទាប់ នៅយប់ថ្ងៃដដែល កម្ពុជានឹងត្រូវប៉ះក្រុមម៉ុងហ្គោលី នៅម៉ោង ២០:៤៥ នាទី។
ការប្រកួតចុងក្រោយក្នុងពូលរបស់កម្ពុជា គឺជាការជួបគ្នាជាមួយក្រុមនេប៉ាល់ នៅថ្ងៃអង្គារ ទី១១ ខែកក្កដា វេលាម៉ោង ១៨:២០ នាទី។
ក្នុងចំណោម ៨ ប្រទេសដែលចូលរួមប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang ក្នុងការប្រកួតវគ្គជម្រុះនេះ នឹងមានតែ ៥ ប្រទេសប៉ុណ្ណោះ ដែលអាចបន្តដំណើរទៅកាន់ទីក្រុង IASI ប្រទេសរ៉ូម៉ានី ដើម្បីតំណាងឱ្យទ្វីបអាស៊ីក្នុងការប្រកួតកម្រិតពិភពលោកនៅឯព្រឹត្តិការណ៍ 15th World E-sports Championships IASI 2023 ។
កម្ពុជា ស្ថិតនៅពូល A ដែលមានក្រុមមកពីប្រទេសម៉ុងហ្គោលី នេប៉ាល់ និងអារ៉ាប់រួម។ ចំណែក ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅពូល B ជាមួយក្រុមកាហ្សាក់ស្ថាន ហ្វីលីពីន និងបង់ក្លាដេស៕