×

គ្រាប់បាល់ចុងម៉ោងរបស់ Ronaldo ជួយ Man Utd របស់ Ole បាន៣ពិន្ទុ, Chelsea និង Barcelona ចាញ់នៅក្រៅដី

ក្រុម Manchester United បានវាយបកឈ្នះក្រុម Villarreal តាមរយៈលទ្ធផល ២-១ ក្នុងការប្រកួតជុំទី២ ពូល F ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនាទីលាន Old Trafford។

បន្ទាប់ពីមិនមានគ្រាប់បាល់កើតឡើងនៅក្នុងតង់ទី១រួចមក ក្រុមភ្ញៀវ Villarreal បានមានឱកាសរកគ្រាប់នាំមុខ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Paco Alcacer ក្រោយចាប់ផ្ដើមវគ្គទី២បាន ៨នាទី។ យ៉ាងណាមិញ Man UTD បានតាមស្មើវិញដោយ ខ្សែការពារ Alex Telles ស៊ុតនៅនាទី៦០។ ក្រុមទាំង២នៅតែវាយសម្រុកទៅវិញទៅមកយ៉ាងមមាញឹកដដែល ប៉ុន្តែឈានដល់ចុងម៉ោងនាទី ៩០+៥ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏មានតម្លៃ ឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុដំបូងនៅក្នុងពូល F បន្ទាប់ពីចាញ់ Young Boys ២-១ កាលពីប្រកួតបើកឆាក។

នេះជាគ្រាប់បាល់ទី៥ ក្នុងការបង្ហាញខ្លួនបាន៥ប្រកួតរបស់ Cristiano Ronaldo ឱ្យ Man UTD។ ការបង្ហាញខ្លួនក្នុងការប្រកួតនេះដែរ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទី Iker Casilla ដោយក្លាយជាកីឡាករបង្ហាញខ្លួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League ពោលគឺ១៧៨ប្រកួត ខណៈ Iker Casilla អតីតកីឡាករ Real Madrid និង Porto បង្ហាញខ្លួននៅ UEFA Champions League ចំនួន១៧៧ប្រកួត។

បច្ចុប្បន្ន Man UTD ឈរនៅលេខ៣ក្នុងតារាងនៃពូល F មាន៣ពិន្ទុ ក្រុម Young Boys នៅលេខ២មាន៣ពិន្ទុ ហើយក្រុម Atalanta នៅកំពូលតារាងមាន៤ពិន្ទុ។ រីឯក្រុម Villarreal ទើបមានតែមួយពិន្ទុប៉ុណ្ណោះ នៅបាតតារាង។

-Barcelona បន្តរកមិនបានពិន្ទុនៅ UEFA Champions League ក្រោយចាញ់ក្រុម Benfica

សម្ពាធបានបន្តកើនឡើងបន្ថែមទៀតលើលោក Ronald Koeman បន្ទាប់ក្រុម Barcelona បានចាញ់ក្រុមម្ចាស់ផ្ទះ Benfica ដោយលទ្ធផល ៣-០ នៅក្នុងជុំទី២ ពូល E ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ការប្រកួតនាទីលាន Estadio da Luz នេះ ក្រុម Barcelona ត្រូវបានមើលឃើញថា អាចគ្រប់គ្រងបាល់ដល់ទៅ៦០ភាគរយ ប៉ុន្តែឱកាសស៊ុតបែរជាមានត្រឹមតែ៨ដង តិចជាងក្រុម Benfica ដែលមានឱកាសស៊ុត១២ដង។

កែបាល់បានតែជាង៣នាទី ក្រុម Benfica ក៏រកបានគ្រាប់នាំមុខរបស់ខ្លួនទៅហើយ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករខ្សែប្រយុទ្ធ Darwin Núñez។ ការនាំមុខ ១-០ របស់ក្រុមម្ចាស់ផ្ទះលើក្រុមភ្ញៀវបានបន្តដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ Benfica ហាក់ដូចជានៅតែមានសំណាង ដោយបានបង្កើនការនាំមុខគ្រាប់បាល់ទី២នៅនាទី៦៩ដែលស៊ុតដោយខ្សែបម្រើ Rafa Silva មុនពេលគ្រាប់ទី៣របស់ពួកគេ កើតឡើងនៅ១០នាទី បន្ទាប់ ពីការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ប្រយុទ្ធ Darwin Núñez។ ផ្ទុយមកវិញ Barcelona ព្យាយាមបង្កើនការវាយសម្រុកតបតដែរ តែមិនបានសម្រេចហើយត្រូវសល់គ្នាតែ១០នាក់ទៀត បន្ទាប់ពីកីឡាករខ្សែការពារ Eric García ត្រូវពិន័យកាតលឿងទី២ ស្មើកាតក្រហមនៅនាទី៨៧។

លទ្ធផល Benfica ៣ Barcelona ០ មិនមានការប្រែប្រួលរហូតដល់ចប់ការប្រកួត។ នេះជាបរាជ័យទី២របស់ Barcelona នៅក្នុងវគ្គចែកពូល E បន្ទាប់កាលពីការប្រកួតបើកឆាកពួកគេក៏បានចាញ់ក្រុម Bayern Munich ដោយលទ្ធផល ៣-០ ដូចគ្នាដែរ។

Barcelona ហាក់អស់ការទុកចិត្តលើការដឹកនាំរបស់របស់លោក Koeman ដោយដើមរដូវកាលនេះ ពួកគេធ្វើមិនបានល្អដូចដែលបានរំពឹងទុកទេ។ បើសិនជាក្លិបចង់បណ្តេញ លោក Koeman ក្លិបត្រូវចាយប្រមាណ១០លានផោន ខណៈកុងត្រារបស់លោកជាមួយក្លិបនៅសល់រយៈពេល១ឆ្នាំទៀត។
លទ្ធល១គូទៀតក្នុងពូលជាមួយគ្នាគឺ Bayern Munich ឈ្នះ Dynamo Kyiv ដោយលទ្ធផល ៥-០។
ដូច្នេះ ក្រុម Bayern Munich នៅឈរកំពូលតារាងដដែលមាន ៦ពិន្ទុ Benfica នៅលេខ២ មាន៤ពិន្ទុ Dynamo Kyiv នៅលេខ៣ មាន១ពិន្ទុ ហើយ Barcelona នៅបាតតារាង មាន០ពិន្ទុ។

-ខ្សែបម្រើ Federico Chiesa ស៊ុតតែ១គ្រាប់ ជួយ Juventus យកឈ្នះ Chelsea កាលពីយប់មិញ

ក្រុម Juventus បន្តទទួលបាន៣ពិន្ទុនៅក្នុងការប្រកួតជុំទី២ ពូល H ពានរង្វាន់ UEFA Champions League បន្ទាប់ពីយកឈ្នះក្រុម Chelsea ដោយលទ្ធផល ១-០ តែប៉ុណ្ណោះ។

ការប្រកួតនាទីលាន Allianz Stadium នេះ មិនមានគ្រាប់បាល់កើតឡើងនោះទេ នៅក្នុង ៤៥នាទីដំបូង។ ការប្រកួតឈានដល់វគ្គទី២ តែជាង១នាទី ខ្សែបម្រើ Federico Chiesa បានទទួលបាល់ដែលចែកពី Federico Bernardeschi ហើយក៏បានស៊ុតបញ្ចូលទីបានសម្រេចបើកការនាំមុខមុនឱ្យក្រុមសេះបង្កង់បានសម្រេច។ ចំណែកឯ Chelsea បានប្រឹងប្រែងវាយបកដែរតែមិនសម្រេចទេ ខណៈលទ្ធផល ១-០ មិនមានការផ្លាស់ប្តូរ រហូតដល់ចប់ការប្រកួត។

នេះជាការបរាជ័យលើកទី២របស់ Chelsea ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ បន្ទាប់ពីចាញ់ Man City ១-០ នៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

ឆ្លងកាត់២ប្រកួតមកនេះ Juventus ឈ្នះទាំងអស់ដែលធ្វើឱ្យពួកគេនៅឈរកំពូលតារាង មាន៦ពិន្ទុ Chelsea នៅលេខ២ មាន៣ពិន្ទុ ហើយក្រុម Zenit St. Petersburg នៅលេខ៣ មាន៣ពិន្ទុ ហើយ Malmoe FF មាន០ពិន្ទុ នៅបាតតារាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង