យោងតាមរបាយការណ៍បានឱ្យដឹងថា នាយករបស់ Arsenal លោក Edu បានបង្ហាញបញ្ជីឈ្មោះអ្នកជំនួស Bernd Leno ចំនួន ៣ រូប នៅមុនពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានគេភ្ជាប់ទៅនឹងការផ្លាស់ប្តូរទៅកាន់ក្លិប Inter Milan ។
Leno គឺជាអ្នកចាំទីជម្រើសទី១ របស់ Arsenal រហូតដល់ដើមខែនេះ នៅពេលដែលលោក Mikel Arteta សម្រេចចិត្តចាប់ផ្តើម Aaron Ramsdale ក្នុងជ័យជម្នះរបស់ពួកគេលើ Norwich City ។
អតីតអ្នកចាំទី Bournemouth រូបនេះ អាចរក្សាសំណាញ់ទីបាន ១ប្រកួត ហើយចាប់តាំងពីពេលនោះមក ត្រូវបានលោក Arteta ផ្ដល់ទំនុកចិត្តដើម្បីដាក់ឱ្យលេងបន្តទៀត។ Ramsdale បានបង្កឱ្យមានការផ្លាស់ប្តូរមួយ សម្រាប់ក្រុមកាំភ្លើងធំ ដែលជួបតែការឈ្នះ ចំនួន ៣ប្រកួតជាប់គ្នា នៅក្នុងក្របខណ្ឌ Premier League ។
ទន្ទឹមនឹងនេះដែរ Leno ត្រូវស្ថិតនៅកៅអីបម្រុង បន្ទាប់ពីបានរបូតគ្រាប់បាល់ ៩ គ្រាប់ក្នុងការប្រកួត ៣ លើកចុងក្រោយរបស់គេ។ គេមិនទាន់ចុះកុងត្រាថ្មីនៅឯកីឡដ្ឋាន Emirates ទេ ហើយនឹងអាចចរចាការផ្ទេរទៅក្លិបបរទេសដោយគ្មានតម្លៃខ្លួន នៅខែមករាខាងមុខនេះតទៅ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងរំពឹងថា Leno នឹងរកមើលការប្រកួតប្រជែងថ្មីមួយ ដោយលោក Edu នាយកក្រុមកាំភ្លើងធំ សម្លឹងឃើញកីឡាករ ៣នាក់ដែលអាចជំនួសកីឡាករវ័យ ២៩ ឆ្នាំរូបនេះ។
របាយការណ៍អះអាងថា Andre Onana របស់ Ajax នៅតែស្ថិតនៅលើរ៉ាដារបស់ Arsenal ខណៈអ្នកចាំទី Neto របស់ក្រុម Barcelona ក៏ជាគោលដៅមួយផងដែរ។
Onana មិនត្រូវបានគេរំពឹងថា គេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុម Ajax ឡើយ ហើយក៏នឹងអាចចូលរួមជាមួយក្រុម Inter Milan ក្នុងការផ្ទេរដោយឥតតម្លៃខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាមួយគ្នានេះ Neto បានបង្ហាញខ្លួនចំនួន ២ លើកនៅ La Liga សម្រាប់ក្រុម Barcelona នៅដើមរដូវកាលនេះ។
ក្រុម Arsenal កំពុងថ្លឹងថ្លែងពីការផ្លាស់ប្តូរអ្នកចាំទី David Raya របស់ក្លិប Brentford ដែលបង្ហាញខ្លួនយ៉ាងល្អ ចាប់តាំងពីពួកគេបានឡើងមកកាន់ក្របខណ្ឌ Premier League ។
ក្រុមកាំភ្លើងធំ Arsenal អាចនឹងប្រើប្រាស់អ្នកចាំទី Arthur Okonkwo ជំនួសឱ្យ Ramsdale ប្រសិនបើ Leno សម្រេចចិត្តស្វែងរកក្លិបថ្មី ប៉ុន្តែយុវជនរូបនេះ នៅខ្វះបទពិសោធ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕