×

Premier League៖ Man City ប្ដឹងទៅ Liverpool ជុំវិញ​ការចោទប្រកាន់​ថា អ្នកគាំទ្រ​ស្តោះ​ទឹកមាត់​ដាក់​បុគ្គលិក​ខ្លួន

ក្រុមមេឃខៀវ Manchester City បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីអ្នកគាំទ្រម្នាក់ បានស្តោះទឹកមាត់ដាក់បុគ្គលិករបស់ពួកគេ អំឡុងការប្រកួតស្មើ ២-២ នៅកីឡដ្ឋាន Anfield កាលពីយប់មិញ។

សេចក្ដីរាយការណ៍បានឱ្យថា ក្រុមហង្សក្រហម Liverpool បានបើកការស៊ើបអង្កេតទៅលើហេតុការណ៍នេះហើយ។

លោក Pep Guardiola អ្នកចាត់ការក្លិប Man City បាននិយាយថា ភ្លាមៗ គាត់មិនបានដឹងអំពីហេតុការណ៍នេះទេ។ ក្រោយចប់ការប្រកួតលោក Guardiola បានប្រាប់ទូរទស្សន៍មួយថា៖ “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ ខ្ញុំបានឮអ្វីមួយពីអ្នកគាំទ្រ ដែលមិនល្អចំពោះបុគ្គលិក ប៉ុន្តែខ្ញុំមិនដឹងថាយ៉ាងម៉េចទេខ្ញុំមិនបានឃើញរូបភាពនោះទេ។”

“ខ្ញុំច្បាស់ណាស់ថា ប្រសិនបើវាកើតឡើងមែន ខ្ញុំប្រាកដថា Liverpool នឹងចាត់វិធានការលើបុគ្គលនេះ។”

Man City រកបានគ្រាប់បាល់តាមពីក្រោយពីរដង ដើម្បីទទួលបានលទ្ធផលស្មើនៅឯកីឡដ្ឋាន Anfield ដោយកីឡាករ Phil Foden និង Kevin De Bruyne ។

ក្រុមរបស់លោក Guardiola ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ មាន ១៤ពិន្ទុស្មើជាមួយក្រុម Manchester United, Everton និង Brighton & Hove Albion ។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley បន្ទាប់ពីការប្រកួតអន្តរជាតិ នៅថ្ងៃទី១៦ ខែតុលា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង