លោក Gary Neville ជឿជាក់ ថាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer នឹងនិយាយជាមួយ Cristiano Ronaldo បន្ទាប់ពីការប្រកួតទល់នឹងក្រុម Everton ។
អតីតតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus រូបនេះ ត្រូវបានទុកចោលនៅកៅអីបម្រុង សម្រាប់ការប្រកួតក្របខណ្ឌ Premier League ។ ហើយបន្ទាប់ពីកញ្ចែចុងចប់ការប្រកួត Ronaldo មិនអាចទប់កំហឹងរបស់គេបានទេ។
ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តផ្តល់ការសម្រាកដល់ Ronaldo កាលពីប្រកួតថ្ងៃសៅរ៍ ដោយជ្រើសរើសយក Edinson Cavani ជំនួសវិញ។ ប៉ុន្តែ ការប្រកួត បានបញ្ចប់ត្រឹមស្មើ ១-១ បន្ទាប់ពីស៊ុតរបស់កីឡាករ Anthony Martial និង Andros Townsend ។
លោក Solskjaerបានដាក់ Ronaldo ក្នុងតង់ទី២ ប៉ុន្តែកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ មិនអាចបន្ថែមគ្រាប់បាល់បញ្ចូលទីបានឡើយ។ បន្ទាប់ពីការប្រកួតចប់ ខ្សែប្រយុទ្ធព័រទុយហ្គាល់មានការខឹងយ៉ាងខ្លាំងដោយដើរតម្រង់ចុះទៅបន្ទប់ផ្លាស់សម្លៀកបំពាក់។
ទាក់ទងនឹងបញ្ហានេះ លោក Neville អតីតវីរបុរសរបស់ Man Utd ជឿជាក់ថា លោក Solskjaer នឹងមានរឿងត្រូវនិយាយជាមួយខ្សែប្រយុទ្ធ Ronaldo ចំពោះហេតុការណ៍នេះ។
លោកបាននិយាយថា៖ “ខ្ញុំគិតថាគាត់នឹងនិយាយជាមួយ Cristiano ហើយនិយាយថា៖ “ប្រសិនបើយើងនឹងធ្វើដូច្នេះ ចូរយើងធ្វើនៅលើទីលានហ្វឹកហាត់ ព្រោះនៅពេលអ្នកធ្វើនៅលើទីលានប្រកួត វានឹងនាំមកនូវសម្ពាធបន្ថែម។”
“គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ខ្ញុំមិនគិតថាវានឹងជួយ Ole ក្នុងស្ថានភាពនោះទេ។”
Ronaldo ធ្លាប់ត្រូវបាន Sir Alex Ferguson ប្ដូរចេញនៅពេលប៉ះក្រុម Manchester City ម្តងរួចមកហើយ ដោយការប្រកួតនោះធ្វើឡើងនៅឆ្នាំ២០០៩។ ហើយគេក៏បានខឹងផងដែរ។ ប៉ុន្តែអ្វីៗគឺខុសគ្នាពីឥឡូវនេះ Solskjaer មិនដូច Sir Alex Ferguson ទេ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕