ក្លិប Manchester City នឹងបដិសេធរាល់សំណើពីក្លិបនានាក្នុងការទិញយកខ្សែប្រយុទ្ធ Raheem Sterling ដោយថា កីឡាករឆ្នើមរូបនេះ មិនមែនសម្រាប់លក់នោះទេ។
កិច្ចសន្យារបស់ Raheem Sterling នៅទឹកដី Etihad នឹងផុតកំណត់នៅឆ្នាំ២០២៣ ខាងមុខ ខណៈដែលការពិភាក្សាអំពីការបន្ដកិច្ចសន្យាថ្មី ត្រូវបានជាប់គាំងនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដូច្នេះហើយទើប មានការផ្សព្វផ្សាយថា Sterling នឹងអាចចាកចេញពី Man City ខណៈ Barcelona បានបង្ហាញការចាប់អារម្មណ៍ចុះហត្ថលេខាជាមួយគេ នាខែមករា ឆ្នាំក្រោយ។ ទោះជាយ៉ាងណា លោក Pep Guardiola មិនមានបំណងអនុញ្ញាតឱ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះចាកចេញទេ ដោយកំពុងព្យាយាមស្នើចរចាបន្តកុងត្រាថ្មីដល់កីឡាករវ័យ២៦ឆ្នាំ។
របាយការណ៍បន្ថែមថា Sterling ក៏កំពុងស្ទាបស្ទង់មើលពីឱកាស ដែលគេអាចបង្ហាញខ្លួនផងដែរមុនពេលសម្រេចចិត្ដបន្ដកុងត្រាថ្មី។
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Raheem Sterling ផ្ទេរពីក្លិប Liverpool ទៅ Manchester City កាលពីឆ្នាំ២០១៥ និងបង្ហាញខ្លួនបាន៣0២ប្រកួតហើយ និង រកបាន១១៥គ្រាប់៕