ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើបេក្ខភាពចំនួន៣រូបដើម្បីមកដឹកនាំ ជំនួសអ្នកចាត់ការ លោក Steve Bruce ។
ជាការពិត បន្ទាប់ពីរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohamed bin Salman បានក្លាយជាម្ចាស់ក្លិប Newcastle ជាផ្លូវការរួចមក មានការផ្សព្វផ្សាយជាច្រើនបានលើកឡើងថា ទ្រង់អាចនឹងនាំយកអ្នកចាត់ការណាម្នាក់ដែលមានបទពិសោធខ្ពស់មកកាន់ទឹកដី St. James Park ក្នុងពេលឆាប់ៗនេះ។ ជាក់ស្តែង មានបេក្ខភាពឈានមុខ៣រូប ហើយដែលកំពុងស្ថិតក្នុងការតាមដាន ដើម្បីមកជំនួសលោក Steve Bruce ដែលអ្នកទាំង៣រូបនោះ មានអតីតអ្នកចាត់ការ Bournemouth លោក Eddie Howe អតីតអ្នកចាត់ការ Dortmund លោក Lucien Favre និងអតីតអ្នកចាត់ការ Inter Milan លោក Antonio Conte ។
បុរសទាំង៣សុទ្ធតែបានសាងស្នាដៃយ៉ាងល្អរួចមកហើយ មុនពេលចែកផ្លូវជាមួយ ក្លិបរៀងៗខ្លួន ហើយបច្ចុប្បន្នពួកគេសុទ្ធតែទំនេរមិនទាន់មានក្លិបដឹកនាំនៅឡើយ។
ក្រៅពីបេក្ខភាពឈានមុខទាំង៣រូបខាងលើហើយ ក្លិប Newcastle ក៏សម្លឹងឃើញបេក្ខភាព បន្ទាប់បន្សំជាច្រើនរូបទៀតដូចជា លោក Steven Gerrard អ្នកចាត់ការ Rangers លោក Brendon Rodgers អ្នកចាត់ការ Leicester City និងគ្រូបង្គោលក្រុមជម្រើសជាតិបែលហ្ស៊ីក លោក Roberto Martinez ផងដែរ។
ដោយឡែក លោក Steve Bruce ត្រូវបានជឿជាក់ថា ពេលវេលារបស់លោកដឹកនាំនៅ Newcastle United បានមកដល់ទីបញ្ចប់ហើយ ក្រោយធ្វើមិនបានល្អពោលគឺ ៧ប្រកួត ស្មើ៣ នឹងចាញ់៤មានត្រឹម៣ពិន្ទុប៉ុណ្ណោះ ហើយឈរលេខរៀងទី១៩ នៃក្របខណ្ឌ Premier League។ ទោះយ៉ាងណា លោក Steve Bruce នៅតែបន្តដឹកនាំ Newcastle ជួបស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Spurs នាថ្ងៃអាទិត្យទី១៧ ខែតុលានេះ ហើយក៏ជាការប្រកួតទី១០០០ សម្រាប់លោក ក្នុងអាជីពជាអ្នកចាត់ការផងដែរ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕