ESPN បានរាយការណ៍ថា Jesse Lingard ត្រូវបានក្លិប Barcelona និង AC Milan ចង់បាន នៅពេលដែលគេខិតជិតផុតកុងត្រានៅ Manchester United ។
Lingard បានឈានចូលដល់ឆ្នាំចុងក្រោយ នៃកិច្ចព្រមព្រៀងរបស់គេនៅក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Old Trafford ហើយនឹងអាចចរចាជាមួយក្លិបនៅក្រៅប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី១ ខែមករា មុនពេលមានការផ្ទេរដោយឥតតម្លៃខ្លួននៅរដូវក្តៅឆ្នាំក្រោយ។
Barcelona និង AC Milan ស្ថិតក្នុងចំណោមក្លិបជាច្រើន ដែលកំពុងតាមដាន Lingard ដែលបានបើកចំហរក្នុងការផ្លាស់ទៅអេស្ប៉ាញ ឬអ៊ីតាលី ខណៈគេគ្រោងបោះជំហានបន្ទាប់ក្នុងអាជីពរបស់ខ្លួន។
ឱកាសក្នុងការចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេសនេះ ក្លាយជាការទាក់ទាញសម្រាប់ក្លិបកំពូលៗ នៅអឺរ៉ុប អំឡុងវិបត្តិកូវីដ១៩ ដែលបានប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។
Lingard បានច្រានចោលការផ្តល់កិច្ចសន្យាថ្មី ពី Man UTD រួចហើយ ដោយបារម្ភថា មិនមានឱកាសលេងគ្រប់គ្រាន់ ដើម្បីរក្សាកន្លែងរបស់គេនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ខណៈការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ ខិតជិតមកដល់។
ការសន្យាក្នុងការផ្ដល់ឱកាសឱ្យលេងបានទៀងទាត់ នឹងដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តណាមួយរបស់ Lingard បន្ទាប់ពីកីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានប្តេជ្ញាចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅកាតា។
Lingard ត្រូវបានលោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ដាក់ឱ្យលេងបាន ៧៣ នាទី ក្នុងជ័យជម្នះ ៥-០ លើក្រុមអង់ដូរ៉ា កាលពីថ្ងៃសៅរ៍កន្លងទៅ។
សូមជម្រាបថា Lingard បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅក្របខណ្ឌ Premier League រដូវកាលនេះរួមទាំងជ័យជម្នះចុងម៉ោងនៅ West Ham United ក្នុងខែកញ្ញា។ ប៉ុន្តែគេលេងបានត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៣ ប្រកួត។ គាត់ក៏បានចូលលេងជាកីឡាករបម្រុង ដើម្បីបង្កើតឱកាសសម្រាប់ Cristiano Ronaldo ក្នុងជ័យជម្នះ ២-១ លើក្រុម Villarreal ក្នុងពានរង្វាន់ Champions League ។
ទម្រង់លេងដ៏ល្អរបស់គាត់ បានបន្តបន្ទាប់ពីការខ្ចីជើងនៅ West Ham កាលពីរដូវកាលមុន ក្នុងកំឡុងពេលដែលគាត់រកបាន ៩គ្រាប់ក្នុង ១៦ ប្រកួត និងត្រូវបានបោះឆ្នោតជាកីឡាករល្អប្រចាំខែមេសា នៅ Premier League ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕