×

Newcastle United បើកទំព័រថ្មីក្រោមការកាន់កាប់របស់ម្ចាស់ក្លិបអារ៉ាប៊ីសាអូឌីត ដោយចាញ់ Tottenham Hotspur

Newcastle United បានចាប់ផ្ដើមទំព័រថ្មីក្រោមការកាន់កាប់ដោយម្ចាស់ក្លិបអារ៉ាប៊ីសាអូឌីត ប៉ុន្ដែមិនទទួលបានលទ្ធផលល្អដែលពួកគេចង់បាននោះទេ ដោយរងបរាជ័យពីការវាយបករបស់ Tottenham Hotspur ដោយលទ្ធផល ៣-២ នៅ Premier League កាលពីយប់មិញ។

ក្រុមម្ចាស់ផ្ទះ Newcastle បានរកគ្រាប់បាល់នាំមុខក្នុងការប្រកួត ត្រឹមនាទីទី២ ដោយ Callum Wilson ប៉ុន្ដែក្រុម Spur វាយបកតាមស្មើវិញដោយកីឡាករ Tanguy Ndombele នៅនាទី១៧។ នៅនាទី២២ ខ្សែប្រយុទ្ធ Harry Kane ក៏បានរកគ្រាប់បាល់ផ្តល់ការនាំមុខអោយក្រុមមាន់ខ្នាយមាសវិញ មុនពេលខ្សែប្រយុទ្ធ Heung-Min Son បន្ថែមការនាំមុខគ្រាប់ទី៣ នៅមុនចប់វគ្គទី១។
ដោយឡែក ក្នុងការប្រកួតត្រូវបានផ្អាកមួយសន្ទុះធំ នៅពេលអ្នកគាំទ្រម្នាក់ដែលអង្គុយទស្សនានៅកីឡដ្ឋាន St James’ Park នេះ បានជួបបញ្ហាសុខភាពបន្ទាន់នាំអោយមានការឆោឡោ តែក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសុវត្ថិភាព ទើបការប្រកួតត្រូវបានបន្ដជាថ្មី។
ចូលដល់វគ្គទី២ ក្រុម Newcastle United ដែលរងការវាយលុកពីគូប្រជែងរបស់ខ្លួន កាន់តែរងសម្ពាធថែមទៀត ពេលខ្សែបម្រើ Jonjo Shelvey បានរងពិន័យកាតលឿងទី២ ស្មើកាតក្រហម ត្រូវបណ្តេញចេញពីទីលាន នៅនាទី៨៣ ដែលធ្វើឱ្យ Newcastle ត្រូវសល់គ្នាតែ១០នាក់ប៉ុណ្ណោះ។ ទោះយ៉ាងណា នៅចុងម៉ោង ក្រុមរបស់លោក Steve Bruce បែរជាអាចរកបានគ្រាប់ទី២ ដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Eric Dier ប៉ុន្តែក្រុមរបស់លោក Nuno Espirito Santo នៅតែអាចរកបាន៣ពិន្ទុត្រលប់ទៅផ្ទះវិញបានដដែលក្រោយចប់ការប្រកួត។

សម្រាប់ជ័យជម្នះ ប្រចាំសប្តាហ៍ទី៨ នេះ ក្រុម Tottenham Hotspur បានឡើងមកឈរលេខ៥ មាន១៥ពិន្ទុ រីឯ Newcastle United ធ្លាក់ទៅលេខ១៩ មានតែ៣ពិន្ទុ ប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង