ក្លិបភាគច្រើននៅក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេស បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដែលពួកគេបានស្នើឱ្យមានសេចក្តីព្រាងច្បាប់មួយ ដែលនឹងហាមឃាត់ជាបណ្តោះអាសន្ននូវ ប្រតិបត្តិការទូទាត់ប្រាក់របស់ភាគីដែលជាដៃគូឧបត្ថម្ភរបស់ក្លិបបាល់ទាត់នីមួយ។ សំណើនេះ ត្រូវបានមើលឃើញថា ជាការព្យាយាមរារាំងក្លិប Newcastle United ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាច្រើនដែលមានទំនាក់ទំនងនឹងម្ចាស់ក្លិប Newcastle ថ្មីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
បន្ទាប់ពីការទិញយកក្រុម Newcastle United ចំនួន ៣០០ លានផោន ដោយសម្ព័ន្ធអារ៉ាប៊ីសាអ៊ូឌីត ដែលបានបញ្ចប់ភាពជាម្ចាស់ក្លិបរយៈពេល ១៤ឆ្នាំរបស់លោក Mike Ashley, ក្លិបនៅក្របខណ្ឌ Premier League បានប្រមូលផ្តុំគ្នា ដើម្បីបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងច្បាប់ខាងលើ ដោយសារបារម្ភថា ម្ចាស់ក្លិប Newcastle នឹងធ្វើកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុននៅអារ៉ាប៊ីសាអូឌីត។
យោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថាក្លិបនៅ Premier League មានការព្រួយបារម្ភថា Newcastle United នឹងប្រើប្រាស់កិច្ចព្រមព្រៀងដៃគូឧបត្ថម្ភជាមួយភាគីដែលពាក់ព័ន្ធនឹងម្ចាស់ក្លិបរបស់ពួកគេ ដើម្បីជួយឱ្យអនុលោមតាមច្បាប់ហិរញ្ញវត្ថុ FFP ដែលច្បាប់នេះ មានបំណងការពារក្លិបអ្នកមាន ពីការចំណាយដោយមិនត្រូវបានត្រួតពិនិត្យ។ តាមច្បាប់ ក្លិបនានាត្រូវបានអនុញ្ញាតឱ្យខាតបង់តែ ១០៥ លានផោនប៉ុណ្ណោះក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការកាត់កងចំណូលចំណាយ ពីការឧបត្ថម្ភ និងការដោះដូរកីឡាករជាដើម។
កិច្ចប្រជុំដែលបានធ្វើឡើង តាមអនឡាញ បានបង្ហាញថា ក្លិបចំនួន ១៨ បានបោះឆ្នោតគាំទ្រច្បាប់ថ្មី ដើម្បីដាក់បម្រាមបណ្តោះអាសន្នលើប្រតិបត្តិការដាក់ប្រាក់របស់ភាគីពាក់ព័ន្ធរយៈពេលមួយខែ ខណៈលទ្ធភាពនៃការដាក់បម្រាមនេះជាអចិន្ត្រៃយ៍ កំពុងត្រូវបានពិភាក្សា។
ក្រុម Newcastle United តំណាងដោយនាយកគ្រប់គ្រង លោក Lee Charnley បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ ហើយបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងកិច្ចប្រជុំ ថា ច្បាប់បែបនេះគួរតែត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងការប្រកួតប្រជែង។
ក្រុម Manchester City ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Abu Dhabi United Group បានបដិសេធមិនបោះឆ្នោត ឬប្រឆាំងនឹងច្បាប់នេះទេ។ ជាក់ស្ដែង ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាប៊ូដាប៊ី ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways បានឧបត្ថម្ភដល់ Man City ។
ច្បាប់នេះនឹងចូលជាធរមាននៅខែក្រោយ ហើយវានឹងអនុវត្តចំពោះក្លិបទាំង ២០ ប៉ុន្តែក្លិបភាគច្រើនចង់ឱ្យច្បាប់នេះ អនុវត្តជាអចិន្រ្តៃយ៍៕