លោក Ole Gunnar Solskjaer ត្រូវបានក្លិបផ្តល់ឱកាសឱ្យ៣ប្រកួតទៀត ដើម្បីស្តារមុខមាត់ និងរក្សាតួនាទីជាអ្នកចាត់ការ Manchester United ក្រោយដឹកនាំក្រុមប្រកួតចាញ់ Liverpool ៥-០ ។ លោក Sir Alex Ferguson នៅតែជឿជាក់ការដឹកនាំរបស់អតីតកូនក្រុមលោក និងជាអ្នកជំរុញឱ្យមានការផ្តល់ឱកាសនេះ។
កៅអីរបស់លោក Solskjaer បានរង្គោះរង្គើ ក្រោយដឹកនាំមិនបានល្អប៉ុន្មានប្រកួតចុងក្រោយ បូករួមទាំងបរាជ័យដ៏អាម៉ាស់ក្រោមថ្វីជើង Liverpool នៅ Premier League កាលពីសប្តាហ៍មុន។ ស្របពេលគ្នានេះ លោក Antonio Conte ហាក់បង្ហាញបំណងចង់បានតួនាទីនេះពីលោក Solskjaer ប៉ុន្តែក្លិបមិនប្រាកដថា តើអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ពិតជំនាញត្រឹមត្រូវក្នុងការដឹកនាំ Man UTD ទៅមុខ ឬអត់ឡើយ។ មិនតែប៉ុណ្ណោះ Man UTD ក៏មិនចង់មានការផ្លាស់ប្តូរអ្នកចាត់ការនៅដើមរដូវកាលនេះទេ ខណៈការជំនួសថ្មី នឹងទាមទារឱ្យមានការផ្លាស់ប្តូរបុគ្គលិកជាច្រើនផ្សេងទៀត។ ដូចនេះហើយ លោក Ole Gunnar Solskjaer ត្រូវបានផ្តល់ឱ្យ ៣ប្រកួតបន្ថែម ដើម្បីរក្សាតួនាទីរបស់គាត់ជាអ្នកចាត់ការ Manchester United បន្តទៀត។
ការផ្តល់ឱកាសនេះក៏មានការគាំទ្រយ៉ាងខ្លាំងពីលោក Sir Alex Ferguson ផងដែរ។ លោក Ferguson ដែលមានវត្តមានក្នុងការប្រកួតដែល Man Utd ចាញ់ Liverpool ៥-០ នៅទឹកដី Old Trafford ក៏មានទឹកមុខមិនសប្បាយចិត្តដែរ ប៉ុន្តែលោកនៅតែជឿជាក់លើអតីតកូនក្រុមខ្លួន និងត្រូវបានគេជឿជាក់ថាជាតួអង្គសំខាន់ក្នុងការសម្របសម្រួលជុំវិញតំណែងរបស់អ្នកចាត់ការសញ្ជាតិន័រវែស។
Man UTD ស្ថិតនៅចំណាត់ថ្នាក់ទី៧ក្នុងតារាង Premier League ដោយរកបាន១៤ពិន្ទុ ក្រោយប្រកួត៩លើក ឈ្នះ៤ ចាញ់៣ និងស្មើ២ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន៨ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕