សីតុណ្ហភាពឡើងខ្ពស់ដ៏គួរឱ្យកត់សម្គាល់ បានជំរុញឱ្យអ្នករៀបចំកម្មវិធី World Athletics Championships លើកពេលវេលាព្រឹត្តិការណ៍ប្រកួតនៅចុងសប្តាហ៍នេះ មកម៉ោង 7:30ព្រឹកវិញ ដើម្បីសម្របតាមអាកាសធាតុក្តៅនៅទីក្រុង Tokyo ។
ប្រទេសជប៉ុននៅឆ្នាំនេះបានទទួលរងផលប៉ះពាល់ពីអាកាសធាតុដ៏អាក្រក់ ដោយសីតុណ្ហភាពនៅទីក្រុង Tokyo នាខែនេះជាមធ្យមឡើងដល់ ៣៣អង្សា (33 degrees Celsius) ដែលជាកម្រិតកម្តៅខ្ពស់បំផុតមួយសម្រាប់ខែកញ្ញា ។ កាលពីខែមុន មនុស្សជាង៣៣០០នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យដោយសាររងផលប៉ះពាល់ពីកម្តៅនៅទីក្រុង Tokyo ។ នេះបើតាមការឱ្យដឹងពីក្រសួងឧតុនិយមនៃប្រទេសជប៉ុន ។
គណៈកម្មការរៀបចំកម្មវិធីបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ស្តីពីកង្វល់សុខភាពនិងសុវត្ថិភាពអំឡុងការប្រកួតថា ការប្រកួតដណ្តើមជើងឯកនេះបានកំណត់ធ្វើនៅពាក់កណ្តាលខែកញ្ញាដោយសាររំពឹងថា សីតុណ្ហភាពនឹងទាបជាងសីតុណ្ហភាពនៅរដូវក្តៅ ប៉ុន្តែស្រាប់តែកម្រិតកម្តៅឆ្នាំនេះគឺស្មើនឹងកម្រិតសីតុណ្ហភាពនៅរដូវក្តៅទៅហើយ ទើបធ្វើឱ្យមានការសម្រេចចិត្តលើកម៉ោងប្រកួតមកមុនយ៉ាងដូច្នេះ ។
មានការរំពឹងទុកថាសីតុណ្ហភាពនៅទីក្រុង Tokyo នឹងកើនឡើងចន្លោះ 31-34 អង្សា នៅចុងសប្តាហ៍រយៈពេល៣ថ្ងៃ ដែលពេលវេលាកំណត់សម្រាប់ព្រឹត្តិការណ៍រត់ម៉ារ៉ាតុន៣៥គីឡូម៉ែត្រ ដំបូងឡើយកំណត់ឱ្យចាប់ផ្តើមនៅម៉ោង ៨ព្រឹក ប៉ុន្តែពេលនេះត្រូវរំកិលមកមុនកន្លះម៉ោង គឺត្រូវចាប់ផ្តើមនៅម៉ោង ៧:៣០ ព្រឹក ។
ប្រឈមនឹងក្តីបារម្ភនេះ ក្រុមអ្នកស្ម័គ្រចិត្តនិងបុគ្គលិកទាំងអស់នឹងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខភាពអ្នកចូលរួមទាំងអស់ ហើយទីតាំងទៀតសោត មានបំពាក់ឧបករណ៍តាមដានកម្តៅរាងកាយ ឧបករណ៍ប្រកាសអាសន្ននៅពេលកម្តៅឡើងដល់កម្រិតគ្រោះថ្នាក់ និងមានក្រុមសង្គ្រោះបឋមដើរល្បាតសម្រាប់ជួយក្នុងគ្រាអាសន្នភ្លាមៗ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_L3N3UX0KP%3A1555522143