អតីតខ្សែប្រយុទ្ធ និងជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់បិសាចក្រហមគឺ Wayne Rooney លើកឡើងថាលោក Louis van Gaal ជាអ្នកចាត់ការដ៏គួរឲ្យស្ញើចសសើរមួយសម្រាប់រូបគេលើលោក Sir Alex Ferguson ទៅទៀត ។
ថ្លែងនៅក្នុង Podcast ជាមួយ BBC, Rooney បានលើកឡើងពីលោក Van Gaal ដែលដឹកនាំ United បាន ២ ឆ្នាំថា ៖ « ពេលវេលាល្អបំផុតក្នុងអាជីពរបស់ខ្ញុំគឺការបានធ្វើការជាមួយលោក Louis van Gaal ។ ស្ដាប់ទៅប្រហែលជាអាចចម្លែកបន្តិចបើប្រៀបធៀបជាមួយ Sir Alex តែគាត់ដឹងច្បាស់ពីអ្វីដែលគាត់ និងអ្វីដែលគាត់សម្រេចបានសម្រាប់ក្លិប តែសម្រាប់ខ្ញុំ ទាក់ទងនឹងតាក់តិចលើទីលាន លោក van Gaal គឺលើសពីអ្នកចាត់ការទាំងអស់ដែលខ្ញុំធ្លាប់បានធ្វើការជាមួយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ »
Rooney បានបន្តថា ៖ « បើនិយាយពីតាក់តិចនេះវិញលោក van Gaal គឺបានត្រៀមគ្រប់ចំណុចល្អិតល្អន់ទាំងអស់សម្រាប់ក្រុមទាំងការការពារ ពេលបាត់បង់បាល់ ការធ្វើចលនាលើទីលានគឺពិតជាអស្ចារ្យ ហើយកីឡាករគ្រប់គ្នាសុទ្ធសឹងតែយល់ពីអ្វីដែលគាត់ចង់បានសម្រាប់ក្រុម ៕ »