
យោងតាមសារព័ត៌មានបារាំង Le Parisien ក្លឹប Paris Saint-Germain បានចាប់ផ្តើមចរចា ជាមួយគ្រូបង្វឹក លោក Luis Enrique អំពីការបន្តកុងត្រាថ្មី។ កុងត្រាបច្ចុប្បន្នរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ មានសុពលភាព រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ប៉ុន្តែ PSG បានបើកការចរចាជាផ្លូវការ ជាមួយភ្នាក់ងាររបស់គាត់រួចហើយអំពីការបន្តកុងត្រាថ្មី ដែលជាផ្នែកមួយនៃគម្រោងរយៈពេលវែងរបស់ក្លឹប។
លោក Enrique ដែលបានចូលរួម ជាមួយ PSG ក្នុងឆ្នាំ 2023 បន្ទាប់ពីចាកចេញពីក្រុមជម្រើសជាតិអេស្ប៉ាញ បានក្លាយជាតួអង្គដ៏សំខាន់មួយយ៉ាងឆាប់រហ័សនៅក្នុងផែនការកីឡានៅ Parc des Princes។ ក្រោមការដឹកនាំរបស់គាត់ ក្លឹបបានឈ្នះពានរង្វាន់ UEFA Champions League និងពានរង្វាន់ជាច្រើននៅឆ្នាំ 2025 ហើយគាត់ត្រូវបានកោតសរសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យនេះ។
ប្រភពព័ត៌មាន ដែលស្និទ្ធនឹងគ្រូបង្វឹករូបនេះបានឲ្យដឹងថា គ្រូបង្វឹកវ័យ 55 ឆ្នាំរូបនេះ រីករាយ នៅទីក្រុងប៉ារីស ហើយប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់ក្លឹប ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីនាយកផ្នែកកីឡា លោក Luis Campos និងប្រធានក្លឹប លោក Nasser Al-Khelaifi ។
ថ្នាក់ដឹកនាំរបស់ PSG ចាត់ទុកការធានាអនាគតរបស់គាត់ជាអាទិភាព ហើយការចរចាជាជំហានដំបូងនេះ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ក្លឹប ដែលចង់រក្សាទុកគ្រូបង្វឹករូបនេះ ដើម្បីជៀសវាងភាពមិនប្រាកដប្រជាជុំវិញតំណែងគ្រូបង្វឹករបស់គាត់ ដែលនៅសល់កុងត្រាតិចជាង 18 ខែទៀតប៉ុណ្ណោះ៕
