×

លោក Ratcliffe ថាកីឡាករម្នាក់នេះជាកីឡាករដែលបិសាចក្រហមមិនអាចជំនួសបានមកទល់សព្វថ្ងៃ ហើយឆ្លៀតបង្ហើបរឿងកីឡាករល្អបំផុតរបស់ Sir Alex ធ្លាប់ដឹកនាំផងដែរ

ម្ចាស់ភាគហ៊ុន ១/៤ របស់ក្រុមបិសាចក្រហម Manchester United លោក Sir Jim Ratcliffe បានលើកឡើងថាចាប់តាំងពីលោកដឹងក្ដីមកមានកីឡាករមួយរូបនេះរបស់ Manchester United នៅមិនទាន់មានអ្នកមានសមត្ថភាពជំនួសបាននៅឡើយមកទល់ពេលបច្ចុប្បន្ន ។

លើកឡើងនៅក្នុង Cycling Club podcast លោក Ratcliffe បានលើកឡើងដូច្នេះថា ៖ « Jaap Stam ជាកីឡាករដ៏កំពូលអស្ចារ្យមួយរូបដែលបានបាត់បង់ពីបិសាចក្រហមអស់ជាច្រើនឆ្នាំ ហើយកីឡាករដ៏ជាគេគឺពិតជាពិបាករកអ្នកជំនួសខ្លាំងណាស់សូម្បីតែនៅពេលបច្ចុប្បន្នក៏ដោយ ។ បើមានឱកាសនាំយកកីឡាករម្នាក់សម្រាប់ក្លិបខ្ញុំគិតថា Cristiano Ronaldo តែខ្ញុំក៏នៅចងចាំខ្លះៗពី Bobby Charlton ផងដែរ ហើយច្បាស់ណាស់គាត់ជា legend មួយរូបរបស់ Manchester United ។ ខ្ញុំធ្លាប់សួរ Alex Ferguson ម្ដងថា តើកីឡាកររូបណាដែលល្អបំផុតស្ថិតក្រោមអាជីពជាអ្នកចាត់ការរបស់គាត់ គាត់បានឆ្លើយថាគឺជា Ronaldo ។ សម្រាប់ George Best វិញជាកីឡាករដែលមានទេពកោសល្យពីធម្មជាតិមួយរូបដែលខ្ញុំមិនធ្លាប់ឃើញឡើយនៅក្នុងវិថីបាល់ទាត់រហូតមកទល់ពេលនេះ ។ »

ទាក់ទងនឹងលោក Jaap Stam គាត់ជាខ្សែការពារដ៏សែនរឹងមាំសញ្ជាតិ ហុល្លង់ មួយរូបមានកម្ពស់ ១ ម៉ែត្រ ៩១ ធ្លាប់ចាយពេលនៅបិសាចក្រហម ៣ រដូវកាលចន្លោះឆ្នាំ ៩៨ ដល់ ២០០១ និងជាកីឡាករទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបនាគ្រានោះគឺ ១០.៦ លានផោនពី PSV Eindhoven លើកិច្ចសន្យា ៥ ឆ្នាំ ប៉ុន្តែត្រូវបាន Lazio ទិញផ្ដាច់កុងត្រានៅខែកក្កដាលើតម្លៃខ្លួន ១៦ លានផោនពេលគាត់ឈានចូលដល់វ័យ ២៩ ឆ្នាំ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង