×

កីឡាការិនីវាយកូនបាល់ចិន Peng Shuai ចោទប្រកាន់អតីតមន្ត្រីមួយរូបថាបានបំពានផ្លូវភេទលើរូបនាង

កីឡាការិនីវាយកូនបាល់ចិន Peng Shuai បានធ្វើការចោទប្រកាន់លើមន្ត្រីកុម្មុយនិស្តចូលនិវត្តន៍ម្នាក់ជាសាធារណៈពីបទបំពានផ្លូវភេទ។

កីឡាការិនី Peng Shuai បានអះអាងថា អតីតឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Gaoli បានបង្ខំនាងឱ្យមានទំនាក់ទំនងផ្លូវភេទជាមួយគាត់ កាលពីប៉ុន្មានឆ្នាំមុន។ វាជាលើកទីមួយហើយ ដែលការចោទប្រកាន់បែបនេះ ត្រូវបានធ្វើឡើងប្រឆាំងនឹងមេដឹកនាំនយោបាយជាន់ខ្ពស់ចិន។ ជុំវិញបញ្ហាខាងលើ លោក Zhang អាយុ៧៥ឆ្នាំ មិនបានឆ្លើយតបឡើយ។

កីឡាការិនី Peng Shuai បញ្ជាក់ថា លោក Zhang បានបង្ខំនាង បន្ទាប់ពីនាងបានទៅផ្ទះគាត់ ដើម្បីលេងកីឡាវាយកូនបាល់។ នាងបានបន្ថែមថា នាងគ្មានព័ស្តុតាង ដើម្បីគាំទ្រដល់ការចោទប្រកាន់ទេ ប៉ុន្តែអ្វីដែលនាងបានលើកឡើងគឺសុទ្ធសឹងតែជាការពិតទាំងអស់។

គួរបញ្ជាក់ថា Peng Shuai ត្រូវបានគេចាត់ទុកជាកីឡាការិនីវាយកូនបាល់ដ៏ឆ្នើមម្នាក់របស់ចិន។ នាងធ្លាប់ជាប់ចំណាត់ថា្នក់លេខ១ ពិភពលោកកាលឆ្នាំ២០១៤ ដែលជាកីឡាករចិនដំបូងគេទទួលបានចំណាត់ថ្នាក់កំពូល ក្រោយពីបានឈ្នះជើងឯក២ដងលើការវាយជាគូនៅក្នុងកម្មវិធី Wimbledon ឆ្នាំ២០១៣ និង French Open ក្នុងឆ្នាំ២០១៤។

ដោយឡែកលោក Zhang គឺជាឧបនាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៣ ដល់ ២០១៨ ហើយក៏ធ្លាប់ជាលេខាបក្សនៃខេត្ត Shandong ផងដែរ និងបានបម្រើការនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយរវាងឆ្នាំ២០១២ ដល់ ២០១៧៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង