Barcelona បានប្រកាសពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បន្ទាប់ពីពួកគេ បញ្ចប់ការប្រកួតនៅ La Liga ទល់នឹង Celta Vigo ដោយលទ្ធផល ៣-៣។
Fati ត្រូវបានប្ដូរចេញនៅក្នុងតង់ទី១ បន្ទាប់ពីបានបង្ហាញអាការឈឺជើង ដែលធ្វើឱ្យអ្នកគាំទ្រក្រុម Barcelona បារម្ភចំពោះស្ថានភាពរបស់កីឡាករឆ្នើមវ័យក្មេងរូបនេះ។
កីឡាករវ័យ១៩ឆ្នាំ បានខកខានចូលរួមច្រើនប្រកួតមកហើយ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ជាមួយនឹងបញ្ហារបួសជង្គង់ ប៉ុន្ដែគេរកគ្រាប់បាល់បាន៤គ្រាប់ នៅពេលត្រឡប់មកចូលលេងលើទីលានជាថ្មី ក្នុងរដូវកាល ២០២១-២២ ដែលរាប់បញ្ចូលទាំងគ្រាប់បាល់ដ៏អស្ចារ្យទល់នឹង Celta Vigo។
ពេលនេះ Barcelona បានប្រកាសថា គេមានបញ្ហារបួសសរសៃរពួរ បន្ទាប់ពីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យរបស់ក្លិប ក្រោយចប់ការប្រកួត។
Fati ក៏នឹងខកខានការចូលរួមប្រកួតសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួតជម្រុះ FIFA World Cup 2022 ដោយត្រូវបានជំនួសដោយ អតីតកីឡាករយុវជនរបស់ Real Madrid គឺ Raul de Tomas ដែលបច្ចុប្បន្នកំពុងលេចធ្លោនៅក្លិប Espanyol និងជាឱកាសសម្រាប់គេដើម្បីចូលលេងលើកដំបូងជូនក្រុមជម្រើសជាតិរបស់ខ្លួន៕