ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ ហើយគ្រោងនឹងចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029)។
គណៈប្រតិភូ កម្ពុជាអមដំណើរលោករដ្ឋមន្ត្រី ថោង ខុន រួមមាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមមហាសន្និបាតអូឡាំពិកអាស៊ីលើកទី៤០ នៅទីក្រុងឌូបៃ ប្រទេសរ៉ាប់អារួម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ជាមួយគ្នានេះ សម្ដេចពិជ័យសេនា បានបង្ហាញពីមោទកភាពចំពោះការរៀបចំព្រឹត្តិការណ៍រប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ ដែលមាន៤៥ប្រទេស ចូលរួមក្នុងឆ្នាំ២០២៩។ នេះជាមហាកិត្តិយសសម្រាប់ប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្តនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕