Didier Drogba បានសារភាពថា គាត់អាចនឹងស្រក់ទឹកភ្នែក ប្រសិនបើ Mohamed Salah បន្តបំបែកកំណត់ត្រារបស់គាត់ទាំងអស់។ វីរបុរសរបស់ក្រុមជម្រើសជាតិកូឌីវ័រ គឺជាកីឡាករអាហ្រ្វិកដំបូងគេដែលរកបាន ១០០គ្រាប់ក្នុង Premier League អំឡុងពេលលេងឱ្យក្រុមតោខៀវ Chelsea ។
ប៉ុន្តែថ្មីៗនេះ ចំនួនគ្រាប់បាល់សរុបរបស់គាត់គឺ ១០៤គ្រាប់ ត្រូវបានវ៉ាផ្ដាច់ដោយកីឡាករអេហ្ស៊ីប Salah ដែលបានស៊ុតបញ្ចូលទីហែតទ្រីក ក្នុងការយកឈ្នះក្រុម Manchester United ៥-០ នៅកីឡដ្ឋាន Old Trafford ដោយក្រុម Liverpool ។
គ្រាប់បាល់របស់ Salah ក្នុងការទទួលជ័យជម្នះ ៤-០ លើ Arsenal កាលពីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យកន្លងទៅ ធ្វើឱ្យចំនួនគ្រាប់បាល់សរុបក្នុងក្របខណ្ឌ Premier League របស់ Salah ឡើងដល់ ១០៨គ្រាប់ រួមមាន ១០៦គ្រាប់សម្រាប់ Liverpool និង ២គ្រាប់សម្រាប់ Chelsea នៅពេលគេលេងនៅទីនោះ។
ទោះជាយ៉ាងណាក៏ដោយ Drogba នៅតែរក្សាកំណត់ត្រាសម្រាប់កីឡាករអាហ្រ្វិកដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីបានច្រើនជាងគេនៅ Premier League (៥៤ដង) និងគ្រាប់បាល់ច្រើនជាងគេក្នុង Champions League (៤៤គ្រាប់)។ Salah ស៊ុតបញ្ចូលទីបាន ៣៣គ្រាប់នៅ Champions League ។
Drogba និយាយលេងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា៖ “ប្រសិនបើគាត់បន្តធ្វើបែបនេះ គាត់នឹងបំបែកកំណត់ត្រារបស់ខ្ញុំទាំងអស់! ខ្ញុំចង់តែយំទេ”។
Liverpool ត្រលប់ទៅប្រកួតវិញ នៅពេលដែលពួកគេទទួលក្រុម Porto ក្នុងពានរង្វាន់ Champions League នៅថ្ងៃព្រហស្បតិ៍។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕