
លោក Ralf Rangnick អ្នកចាត់ការថ្មី Manchester United យល់ថាកូនក្រុមរបស់លោក និងក្រុមទាំងមូលលេងបានល្អជាងលោករំពឹងទុកទៅទៀត បន្ទាប់ពីឈ្នះលើ Crystal Palace ក្នុងការដឹកនាំប្រកួតដំបូងរបស់លោក។

ជាការពិត ការប្រកួតនៅទឹកដី Old Trafford ក្នុងក្របខណ្ឌ Premier League ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០ ដោយ ១គ្រាប់នោះដែរ កើតចេញពីការទាត់ពីចម្ងាយរបស់ Fred នៅវគ្គទី២ ស្របពេលក្នុងការប្រកួតនេះ Man Utd សម្រុកខ្លាំង និងគ្រប់គ្រងការប្រកួតបានល្អ។
បើតាមអ្នកចាត់ការ Rangnick ដែលទើបចូលកាន់តំណែងនិងដឹកនាំក្រុមហាត់បានម្ដងនោះ បង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំសប្បាយចិត្តជាមួយការលេងរបស់ក្រុមជាពិសេសនៅវគ្គទី១។ ការដណ្ដើមបាល់ គឺពិតជាអាចទទួលយកបាន។ ការរក្សាសំណាញ់ទី ជាផ្នែកមួយដ៏សំខាន់។ មានចំណុចខ្លះដែលត្រូវកែតម្រូវ។ យើងទើបតែហ្វឹកហាត់បានមួយលើកប៉ុណ្ណោះ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។”
លោកបន្តថា៖ “ការហ្វឹកហាត់ជាមួយគ្នាបានម្ដង ហើយធ្វើបានប៉ុណ្ណឹង ខ្ញុំសប្បាយចិត្ត ហើយវាបានបង្ហាញថាយើងកំពុងតែអភិវឌ្ឍទៅមុខ។ យើងធ្វើបានល្អក្នុងការប្រកួតនេះ ជាងការរំពឹងទុកទៅទៀត។”
សូមបញ្ជាក់ថា សម្រាប់ជ័យជម្នះនេះគឺ Man UTD បានឡើងមកឈរលេខ៦ក្នុងតារាងពិន្ទុ មាន២៤ពិន្ទុ ឃ្លាតពីកៅអី Top 4 ចំនួន៣ពិន្ទុប៉ុណ្ណោះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕