ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានដកតំណែងពីប្រធានក្រុម Arsenal ដោយយកកំហុសថា កីឡាករនេះប្រព្រឹត្តខុសវិន័យការងារ។
បើយោងតាមការចុះផ្សាយរបស់ The Athletic ឱ្យដឹងថា ការពិន័យធ្វើឡើងដោយសារ Aubameyang បានសម្រាកហួសថ្ងៃកំណត់នៃការសុំច្បាប់ ដោយរូបគេបានសុំក្លិបធ្វើដំណើរកាលពីថ្ងៃអង្គារ ព្រោះបញ្ហាគ្រួសារនៅឯប្រទេសបារាំង។ ក្លិបបានអនុញ្ញាតឱ្យធ្វើដំណើរចេញទៅ តែតាមច្បាប់រូបគេ ត្រូវត្រលប់មកវិញនៅថ្ងៃពុធបន្ទាប់។ យ៉ាងណា Aubameyang បែរជាសម្រាកនៅបារាំងថែមមួយយប់ទៀត ហើយថ្ងៃព្រហស្បតិ៍ ទើបមកដល់ទឹកដីអង់គ្លេសវិញ។ ត្បិតបើ Aubameyang ធ្វើដំណើរមកដល់ទីលានហ្វឹកហាត់នៅថ្ងៃបន្ទាប់ តែក្លិប Arsenal បានមើលឃើញ កីឡាករហាក់កេងប្រយោជន៍ពីការអនុញ្ញាតរបស់ក្លិប។
ជាលទ្ធផល Arsenal បានពិន័យដោយមិនដាក់ឈ្មោះ Aubameyang ចូលរួមការប្រកួតតទល់នឹង Southampton ក្នុងលទ្ធផល ៣-០ កន្លងទៅនេះឡើយ។ មិនតែប៉ុណ្ណោះ Arsenal ក៏ពិន័យ Aubameyang ដោយមិនដាក់ឈ្មោះឱ្យចូលរួមការប្រកួតតទល់នឹង West Ham នៅពុធថែមទៀត។
ទាក់ទងនឹងការត្រលប់មកវិញយឺតយ៉ាវមិនបានទៅហ្វឹកហាត់នឹងមិត្តរួមក្រុមនេះ កីឡាករវ័យ៣២ឆ្នាំ បានបកស្រាយថា រូបគេជាប់មើលម្ដាយនៅឯប្រទេសបារាំង ដែលមិនមានសុខភាពល្អប្រសើរ។
ចំពោះបេក្ខភាពប្រធានក្រុមថ្មី Arsneal ផ្លូវការមិនទាន់បញ្ចេញនៅឡើយទេ ក្រោយដកពី Aubameyang ។
សូមបញ្ជាក់ថា នៅរដូវកាលនេះ Pierre-Emerick Aubameyang បង្ហាញគុណផលមិនសូវល្អនោះទេ ដោយចូលលេខ១៤ប្រកួតនៅ Premier League រូបគេរកបានតែ៤គ្រាប់ប៉ុណ្ណោះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕