គ្រូបង្គោល Arsenal លោក Mikel Arteta បានឆ្លងជំងឺកូវីដ១៩ សាជាថ្មី។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំឲ២០២១។
វាជាលើកទី២ហើយសម្រាប់បុរសអេស្ប៉ាញវ័យ៣៩ឆ្នាំរូបនេះ ដែលបានឆ្លងជំងឺកូវីដ១៩ ខណៈលទ្ធផលតេស្តវិជ្ជមានកាលពីលើកទី១ កើតឡើងកាលពីខែមីនា ឆ្នាំ២០២០។
លោក Mikel Arteta នឹងត្រូវខកខានដឹកនាំក្រុមសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹងក្រុម Man City នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ខណៈជំនួយការរបស់គាត់គឺលោក Albert Stuivenberg និងលោក Steve Round នឹងទទួលបន្ទុកដឹកនាំក្រុមសម្រាប់ជំនួបដ៏សំខាន់មួយនេះ។
សេចក្តីថ្លែងការណ៍របស់ Arsenal បានឱ្យដឹងថា បច្ចុប្បន្ន Arteta កំពុងដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។
Arsenal កំពុងធ្វើបានយ៉ាងល្អ ដោយឈ្នះការប្រកួតលីគទាំង៤លើកជាប់ៗគ្នា។ ហើយបច្ចុប្បន្ន ពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី៤ក្នុងតារាង ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ១១ ស្មើ២ និងចាញ់៦ មាន៣៥ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន១៥ពិន្ទុ។