បន្ទាប់ពីត្រូវបាននាំមុខ២គ្រាប់មុនទៅហើយនោះ ក្រុមតោខៀវ Chelsea បានធ្វើការវាយបកតាមស្មើក្រុមហង្សក្រហម Liverpool បានសម្រេចវិញ នៅក្នុងជំនួបក្របខណ្ឌ Premier League ប្រចាំសប្តាហ៍ទី២១។
ជំនួបដើមឆ្នាំ២០២២ ដែលត្រូវចាត់ទុកជាជំនួបដ៏ជក់ចិត្ត ធ្វើឡើងនាទីលាន Stamford Bridge នេះ ក្រុមទាំងសងខាង ត្រូវបានមើលឃើញថា មានការគ្រប់គ្រងបាល់ និង ឱកាសស៊ុតបាល់ប្រហាក់ប្រហែលគ្នា ប៉ុន្តែដំណើរការបាន៩នាទី ហង្សក្រហម Liverpool ដែលជាភ្ញៀវ បានបើកការនាំមុខមុន ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Sadio Mane។ ចូលដល់នាទី២៦ Liverpool បានបង្កើនការនាំមុខគ្រាប់ទី២ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Mohamed Salah។ ទោះយ៉ាងណា ក្នុងនាទី៤២ Chelsea បានតាមវាយបកយក១គ្រាប់ ដោយខ្សែបម្រើ Mateo Kovačić បានស៊ុតយ៉ាងល្អឥតខ្ចោះ មុនពេល ខ្សែប្រយុទ្ធអាមេរិក Christian Pulisic ក៏រកបានមួយគ្រាប់ទៀតតាមស្មើឱ្យក្រុមរបស់លោក Thomas Tuchel មុនចប់វគ្គទី១។
សម្រាប់ការប្រកួតក្នុងវគ្គទី២វិញ មិនមានគ្រាប់បាល់នោះទេ គឺលទ្ធផលស្មើគ្នា ២-២ បានបន្តដល់ចប់ការប្រកួត។
លទ្ធផលនេះ មានន័យថា ក្រុមទាំងពីរទទួលបានម្នាក់មួយពិន្ទុ ដែលធ្វើឱ្យ Chelsea បន្ដឈរនៅលេខ២មាន៤៣ពិន្ទុ ឃ្លាតពីក្រុមកំពូលតារាង Man City ចំនួន១០ពិន្ទុពេញ។ រីឯ Liverpool បន្តឈរលេខ៣ មាន៤២ពិន្ទុ តែសល់១ប្រកួតក្នុងដៃ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕